ភ្នំពេញ ៖ នៅវិមានព្រឹទ្ធសភាថៃ កាលពីម្សិលមិញ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ Wichit Yathip សមាជិកព្រឹទ្ធសភា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ថៃ។
ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានថ្លែងអំណរគុណ ឧត្តមសេនីយ៍ Wichit Yathip ដែលបាន ផ្តល់ឱកាសក្នុងការចូលជួបពិភាក្សាការងារនាពេលនេះ និងអរគុណចំពោះកិច្ចសហការល្អជាមួយកម្ពុជា លើគ្រប់វិស័យ នាពេលកន្លងមក របស់សមាគមមិត្តភាពកម្ពុជា-ថៃ ជាពិសេស ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន បានជួយដល់ការកសាងធនធានមនុស្សនៅកម្ពុជា តាមរយៈការសាងសង់សាលារៀន មណ្ឌលសុខភាព និងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនពាន់នាក់ ក្នុងនោះ និស្សិត ដែល បានបញ្ចប់ការសិក្សាចំនួនជាង១០០០នាក់ កំពុងបម្រើការងារនៅតាមស្ថាប័ននានារបស់កម្ពុជា និងនិស្សិត កំពុងបន្តការសិក្សានៅប្រទសថៃ មានចំនួន៥២០នាក់។
ឯកឧត្តម បានជម្រាបជូនឧត្តមសេនីយ៍ Wichit Yathip អំពីការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច-សង្គម ជាពិសេសការកសាងខឿនសុខុមាលភាព យ៉ាងរឹងមាំជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា ដោយសម្រេចបានការចាក់វ៉ាក់សាំង កូវីដ-១៩ ចំនួនជាង៩៧% នៃចំនួនប្រជាជនគោលដៅ ១០លាននាក់ គិតត្រឹមថ្ងៃទី០៩ ខែកញ្ញា នេះ ដែល កម្ពុជា នឹងសម្រេចឲ្យបាន១០០% យ៉ាងយូរបំផុតនៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ព្រមទាំងបានជម្រាប ជូនអំពីការត្រៀមបើកប្រទេសកម្ពុជាទទួលភ្ញៀវអន្តរជាតិឡើងវិញ នៅត្រីមាសទី៤ ឆ្នាំ២០២១ នេះ ។
ឧត្តមសេនីយ៍ Wichit Yathip ក៏បានសម្តែងការកោតសរសើរ ផ្តាំផ្ញើសេចក្តីនឹករលឹកជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ និងគោរពអរគុណសម្តេចតេជោ ដែលកន្លងមកសម្តេចតេជោ តែងផ្តល់ការគាំទ្រ និងជួយសម្រួលលើកិច្ចការងារមួយចំនួនរបស់សមាគមមិត្តភាពកម្ពុជា-ថៃ ឲ្យទទួល បានជោគជ័យជាបន្តបន្ទាប់។
លោកក៏បានរំលឹកអំពីជោគជ័យក្នុងអំឡុងពេលបំពេញបេសកកម្មរបស់លោកនៅកម្ពុជា នាពេល កន្លងមក ដោយលោកបានបញ្ជាក់ប្រាប់ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា អំពីការចូលរួមរបស់លោក ក្នុង សកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា និងបាននាំក្រុមកីឡាបាល់ទាត់បុរីរាំ ប្រកួត ជាមួយ កីឡាបាល់ទាត់កម្ពុជា។
ឧត្តមសេនីយ Wichit Yathip បន្ថែមថា លោកពិតជាគោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែន និងប្រទេសកម្ពុជាខ្លាំងណាស់ លោកសន្យានឹងបន្តជួយកម្ពុជាលើគ្រប់វិស័យ ទៅតាមលទ្ធភាព ដែលលោក អាចធ្វើទៅបាន។
ទន្ទឹមនឹងនេះដែរ លោកនឹងឧបត្ថម្ភសម្ភារៈកីឡាលើកដុំដែក ជូនដល់គណៈកម្មការស្រ្តី និងកីឡា ដែលមានលោកជំទាវបណ្ឌិត កុយ ពិសី ជាប្រធាន ទុកប្រើប្រាស់សម្រាប់ការហ្វឹកហាត់ របស់ កីឡាករកម្ពុជាផងដែរ។
ជាចុងក្រោយ ដោយសារលោកមានទំនាក់ទំនងល្អខាងផ្នែកកីឡាស្រាប់ លោកក៏ បានសន្យានឹងផ្តល់ជូនសម្ភារៈសម្រាប់កីឡាលើកសាច់ដុំ និងសម្ភារកីឡាចាំបាច់ផ្សេងៗទៀតជូនកម្ពុជា សម្រាប់ការហ្វឹកហាត់ត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕


