លោក Nikolay Patrushev អតីតលេខាធិការក្រុមប្រឹក្សាសន្តិសុខ និងជាជំនួយការរបស់ប្រធានាធិបតី រុស្ស៊ីទទួលបន្ទុកគោលនយោបាយដែនសមុទ្រជាតិ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Izvestia daily ថា ប្រទេសរុស្ស៊ី នឹងបង្កើនសមត្ថភាពប្រយុទ្ធរបស់កងទ័ពជើងទឹករបស់ខ្លួន ស្របពេល មានការគំរាមកំហែងកាន់តែខ្លាំងឡើងពីលោកខាងលិច។

លោក បាននិយាយថា៖«ការគំរាមកំហែងកាន់តែកើនឡើងពីលោកខាងលិច ជំរុញឲ្យយើងបង្កើនការត្រៀមខ្លួនប្រយុទ្ធ និងលក្ខខណ្ឌបច្ចេកទេសនៃកងនាវារបស់យើង ក៏ដូចជាការយកចិត្តទុកដាក់ជាពិសេសចំពោះលក្ខណៈពិសេសនៃឧស្សាហកម្មផលិតនាវា ការអភិវឌ្ឍ និងការផលិតគ្រឿងយុទ្ធោបករណ៍ប្រភេទថ្មីសម្រាប់កងទ័ពជើងទឹក និងការបណ្តុះបណ្តាលបុគ្គលិកកងទ័ពជើងទឹក»។
ដោយអត្ថាធិប្បាយអំពីក្រសួងគ្រប់គ្រងដែនសមុទ្រ (Maritime Collegium)ដែលទើបបង្កើតដោយក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ី ជំនួយការរូបនេះ បាននិយាយថា ស្ថាប័នថ្មីនឹង «វិភាគមូលដ្ឋាននីតិប្បញ្ញត្តិទាក់ទងនឹងសកម្មភាពដែនសមុទ្រ និងធ្វើបច្ចុប្បន្នភាពឯកសារមួយចំនួន ក្នុងគោលបំណងបំពេញគោលដៅអភិវឌ្ឍន៍ជាតិរបស់ប្រទេសយើង និងប្រឆាំងការគំរាមកំហែងពីខាងក្រៅ»។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យស្តីពីការបង្កើតក្រសួងគ្រប់គ្រងដែន សមុទ្រ កាលពីថ្ងៃទី ១៣ ខែសីហា។ ស្ថាប័នដែលដឹកនាំដោយលោក Patrushev នឹងរួមបញ្ចូលក្រុមប្រឹក្សាទទួលបន្ទុគការអភិវឌ្ឍយុទ្ធសាស្ត្រនៃកងទ័ពជើងទឹករុស្ស៊ី ការការពារផលប្រយោជន៍ជាតិរបស់រុស្ស៊ីនៅតំបន់អាក់ទិក និង ការអភិវឌ្ឍនិងគាំទ្រសកម្មភាពសមុទ្រ។ ឯកសារនេះ លុបចោលគណៈកម្មាការអន្តរក្រសួង នៃក្រុមប្រឹក្សាសន្តិសុខ ទៅលើការធានាផលប្រយោជន៍ជាតិរបស់រុស្ស៊ីនៅតំបន់អាក់ទិក។ មុខងាររបស់គណៈកម្មាការនេះ ត្រូវបានផ្ទេរទៅឲ្យក្រសួងគ្រប់គ្រងដែនសមុទ្រដែលបានបង្កើតឡើងនេះ។