ក្រុមគ្រូពេទ្យបឋមសង្រ្គោះនៅឥណ្ឌា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ សីហា) ថា ករណីរំលោភ និងឃាតកម្មលើគ្រូពេទ្យហាត់ការម្នាក់ ខណៈពេលដែលនាងបានសម្រាកអំឡុងពេលប្តូរវេនការងារដ៏យូររបស់ខ្លួននៅក្នុងមន្ទីរពេទ្យទីក្រុង កុលកាតា (Kolkata) បានបង្ហាញពីភាពងាយរងគ្រោះរបស់ក្រុមគ្រូពេទ្យ ដែលត្រូវទុកចោលដោយពុំមានការការពារ និងសម្ភារៈបរិក្ខារត្រឹមត្រូវ។

បុគ្គលិកនៅមហាវិទ្យាល័យវេជ្ជសាស្រ្ដ RG Kar បានប្រាប់សារព័ត៌មានរ៉យទ័រថា ការស្លាប់របស់គ្រូពេទ្យហាត់ការជានារីវ័យ ៣១ឆ្នាំរូបនេះ ដែលបានបង្កឱ្យមានការតវ៉ានៅទូទាំងប្រទេសឥណ្ឌា បានទៅសម្រាកបន្ទាប់ពីធ្វើការអស់ពេលរាប់សិបម៉ោងកាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយបន្ទាប់មកក៏ត្រូវបានគេរំលោភរួចសម្លាប់យ៉ាងឃោរឃៅ។

នៅពេលដែលព័ត៌មាននៃឃាតកម្មរបស់នាងបានរីករាលដាល ក្រុមគ្រូពេទ្យបាននាំគ្នាចេញតវ៉ាតាមដងផ្លូវជាមួយក្រុមស្ត្រី និងតារាល្បីៗជាច្រើន ដោយទាមទារឱ្យមានការពង្រឹងវិធានការសុវត្ថិភាពសម្រាប់គ្រូពេទ្យដែលកំពុងបំពេញកាតព្វកិច្ច។ គ្រូពេទ្យហាត់ការម្នាក់នៅមន្ទីរពេទ្យបាននិយាយថា «ការយកចិត្តទុកដាក់របស់អាជ្ញាធរត្រូវបានស្នើសុំម្តងហើយម្តងទៀតចំពោះកង្វះសុវត្ថិភាព ប៉ុន្តែមិនមានភាពប្រសើរឡើងឡើយ»។
សមាគមគ្រូពេទ្យឥណ្ឌា (IMA) ដែលជាក្រុមវេជ្ជបណ្ឌិតធំបំផុតនៅក្នុងប្រទេសបានប្រាប់រដ្ឋមន្ត្រីសុខាភិបាលនៅក្នុងលិខិតមួយចេញផ្សាយកាលពីថ្ងៃអង្គារថា «លក្ខខណ្ឌការងាររបស់គ្រូពេទ្យ បន្ទុកការងារដ៏ច្រើនលើសលប់ និងអំពើហិង្សានៅកន្លែងធ្វើការគឺជាការពិតដែលមិនអាចប្រកែកបាន» ដោយទាមទារឱ្យមានវិធានការការពារបន្ថែមទៀត៕