អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បាននិយាយក្នុងអំឡុងសន្និសីទមួយថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនជាង ១៧.០០០ នាក់ ក្នុងអំឡុងពេលប្រតិបត្តិការ នៅតំបន់ហ្កាហ្សាស្ទ្រីប។
លោក បាននិយាយថា៖ «មកដល់ត្រឹមដំណាក់កាលនេះ យើងបានសម្លាប់ភេរវករជាង ១៧.០០០នាក់ហើយ»។
លោក Hagari បានគូសបញ្ជាក់ថា កងទ័ពអ៊ីស្រាអែល «បន្តប្រយុទ្ធនៅតំបន់ហ្កាហ្សា ធ្វើប្រតិបត្តិការនៅទីក្រុងរ៉ាហ្វា ( Rafah) ទីក្រុងខាន់យូនីស (Khan Yunis) ដែលជាផ្នែកកណ្តាលនៃតំបន់ហ្កាហ្សា និងវាយប្រហារគ្រប់ទីកន្លែង»។
លោក បាននិយាយថា៖«ជាផ្នែកមួយនៃភាពជោគជ័យដ៏សំខាន់របស់យើងនៅលើដីក្នុងសប្តាហ៍មុន យើងបានកម្ទេសអគារក្រោមដីប្រហែល ៥០អគារ នៅជិតច្រករបៀង Philadelphia [តំបន់នៅជិតព្រំដែនអេហ្ស៊ីប»។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖«សកម្មភាពប្រយុទ្ធទ្រង់ទ្រាយធំ និងសមិទ្ធិផលជាច្រើន ក្នុងដំណើរការបំផ្លាញសមត្ថភាពរបស់ក្រុមហាម៉ាស ដើម្បីកុំឲ្យមានបញ្ហាតទៅទៀត ហើយយើងប្តេជ្ញាថា នឹងធ្វើតាមរបៀបនោះរហូត»។