រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅថ្ងៃសុក្រ (ទី១៦ ខែសីហា) នេះ បានលើកឡើងថា ប្រទេសចិននឹងគាំទ្រដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅសហភាពមីយ៉ាន់ម៉ា និងបន្តជួយផែនការថ្នាក់តំបន់ ដើម្បីស្វែងរកចក្រចេញពីវិបត្តិដែលកំពុងកើតមាន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ការអត្ថាធិប្បាយរបស់លោក Wang នៅក្នុងសន្និសីទសារព័ត៌មាន បានកើតឡើងបន្ទាប់ពីលោកបានជួបជាមួយប្រមុខរបបយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ Min Aung Hlaing អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសដែលហែកហួរដោយសង្រ្គាម នៅសប្តាហ៍នេះ។ នៅក្នុងសុន្ទរកថាដែលត្រូវបានបកប្រែ លោករដ្ឋមន្ត្រីរូបនេះ បានប្រាប់ថា៖ «ប្រទេសចិនបន្តការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការស្តារសន្តិភាព និងស្ថិរភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ា»។
ជាមួយគ្នានេះ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែសីហា) ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរបបយោធា បានរាយការណ៍ថា ប្រទេសចិនបានសន្យាថា នឹងគាំទ្រផ្នែកបច្ចេកទេស និងជំនួយ សម្រាប់ធ្វើជំរឿន ដោយបន្តមកដោយការបោះឆ្នោតដែលនាពេលនេះ គ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ។
គួរបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចល ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មកម៉្លេះ នៅពេលដែលយោធា បានទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត នៅក្នុងរដ្ឋប្រហារ ដោយបានបញ្ចប់ភ្លាមៗនូវជំហានមិនទាន់ប្រាកដប្រជារបស់ប្រទេសក្រីក្រមួយនេះ ក្នុងការឆ្ពោះទៅរកការក្លាយជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យពេញលេញ៕