ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បានរាយការណ៍ថា អនុប្រធានសភារុស្ស៊ី នៅថ្ងៃសុក្រ (ទី១៦ ខែសីហា) បាននិយាយថា ការលុកលុយរបស់អ៊ុយក្រែនដែលគាំទ្រដោយលោកខាងលិច បាននាំពិភពលោកខិតទៅជិតសង្រ្គាមលោកពេញលេញ។
គួរបញ្ជាក់ថា កងទ័ពអ៊ុយក្រែនបានឆ្លងកាត់ព្រំដែនចូលទៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃទី៦ ខែសីហា ហើយចាប់តាំងពីពេលនោះមក បានរុលទៅមុខយ៉ាងខ្លាំង ដោយបង្ខំឲ្យទីក្រុងម៉ូស្គូជម្លៀសមនុស្សជាង ២០០.០០០នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ។
សារព័ត៌មាន RIA បានដកស្រង់សម្តីរបស់អនុប្រធានសភា លោក Mikhail Sheremet ដែលបាននិយាយថា៖ «ដោយពិចារណាលើវត្តមានរបស់គ្រឿងយុទ្ធោបករណ៍យោធារបស់លោកខាងលិច ការប្រើប្រាស់គ្រាប់រំសេវ និងមីស៊ីលរបស់លោកខាងលិច ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងភស្តុតាងដែលមិនអាចប្រកែកបាននៃការចូលរួមរបស់ជនបរទេស ក្នុងការវាយប្រហារលើទឹកដីរុស្ស៊ី នរណាក៏អាចសន្និដ្ឋានបានដែរថា ពិភពលោកគឺស្ថិតនៅលើមាត់ជ្រោះនៃសង្គ្រាមលោកលើកទី៣»។
ជាមួយគ្នានេះ លោក Sheremet ដែលជាសមាជិកនៃគណៈកម្មាធិការការពារជាតិរបស់សភារុស្ស៊ី បាននិយាយបន្ទរតាមលោក Vladimir Putin ដោយលើកឡើងថា បណ្តាប្រទេសរបស់អង្គការណាតូ (NATO) បានផ្ដល់ការយល់ព្រម ចំពោះផែនការលុកលុយនេះ ជាការចោទប្រកាន់ដែលទីក្រុងវ៉ាស៊ីនតោន បានបដិសេធ។
ចំណែកជំនួយការរបស់លោក Putin គឺលោក Nikolai Patrushev នៅថ្ងៃសុក្រ ក៏បានចោទប្រកាន់លោកខាងលិចថា ជាអ្នកនៅពីក្រោយការវាយប្រហារនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Izvestia។ លោក Patrushev បាននិយាយថា អង្គការណាតូ និងភ្នាក់ងារចារកម្មលោកខាងលិចបានចូលរួមក្នុងការរៀបចំផែនការប្រតិបត្តិការ នៅតំបន់ Kursk ទោះបីជាលោកមិនបានផ្តល់ភស្តុតាងពាក់ព័ន្ធនឹងការលើកឡើងនេះក៏ដោយ៕