ភ្នំពេញ ៖ មហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រុមប្រឹក្សាយោបល់២០២២ ក្រោមប្រធានបទស្តីពី សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលចូលរួមដោយសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាមេដឹកនាំ នៃប្រទេសនានាព្រមទាំងវាគ្មិនដែលជាអតីតប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ត្រាំ អតីតប្រធានាធិបតី និងមេដឹកនាំនៃប្រទេសជាច្រើនទៀតប្រមាណជា៥០ ប្រទេស បានរៀបចំ ឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១២កញ្ញា បានធ្វើការផ្លាស់ប្ដូរទស្សនៈគ្នា ដើម្បី សន្តិភាពនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។
ជាមួយនឹងការវាយតម្លៃដោយរម្លឹកកោតសរសើរដល់សម្តេចតេជោ ហ៊ុនសែន ដែលតែងតែបានគាំទ្រនិងផ្តល់គំនិតផ្តួចផ្តើមដល់មហាសន្និបាតនៃក្តីសង្ឃឹមដើម្បីសន្តិភាព អាស៊ី ប៉ាស៊ីហ្វិក ពីសំណាក់លោកជំទាវ ហាក់ ចាហាន់មូន សហស្ថាបនិក នៃសហព័ន្ធសន្តិភាពសកល លោក បណ្ឌិត ថូ ម៉ាស ជីវាលស៍ ប្រធានសហព័ន្ធសន្តិភាពសកល ក៏ដូចជាបណ្តាវាគ្មិនសំខាន់ៗដទៃទៀត នៃវេទិកាផ្លាស់ប្ដូរទស្សនៈគ្នា ជាពិសេសការបង្រួបបង្រួម ដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសុន្ទរកថា សម្តេចមានកិត្តិយសនិងសោមនស្សបានចូលរួមថ្លែងសុន្ទរកថា គន្លឹះនៅក្នុងកម្មវិធី «មហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី ៧៖ ស្ថាប័នស្រាវជ្រាវ ឆ្នាំ២០២២» ក្រោមប្រធានបទ "សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក” ។ ក្នុងនាមជាប្រទេសដែលផ្តល់តម្លៃមិនអាចកាត់ថ្លៃបានដល់សន្តិភាព កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការរៀបចំមហាសន្និបាតនេះ ដើម្បីពង្រឹងវប្បធម៌ សន្តិភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។
សម្តេចបញ្ជាក់ថា បច្ចុប្បន្ននេះ, ព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយមួយក្នុងតំបន់ ដែលបាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ គឺការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន និងការដណ្តើមកាន់កាប់ទីក្រុងកាប៊ុលទាំងស្រុងឡើងវិញ ដោយក្រុមតាលីបង់ ។ ព្រឹត្តិការណ៍នេះ គឺជាការរំលឹកយ៉ាងក្រៀមក្រំ និងជូរចត់ទៅដល់រឿងរ៉ាវ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដែលនៅពេលនោះ ខ្មែរក្រហម បានចូលកាន់កាប់ទីក្រុងភ្នំពេញ ដែលនេះគឺជាស្ថានភាពដ៏សោកសៅបំផុត ដែលកម្ពុជា និងប្រជាជនកម្ពុជា ចងចាំពីភាពខ្លោចផ្សារ និងប្តេជ្ញាបញ្ចៀសព្រឹត្តិការណ៍ស្រដៀងគ្នានេះ មិនឱ្យកើតឡើងម្តង ទៀតឡើយ ។
ច្បាស់ណាស់ថា, ទិដ្ឋភាពភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងប្រែប្រួល យ៉ាងឆាប់រហ័ស ព្រមជាមួយនឹងការប្រែប្រួលតុល្យភាពអំណាចសកល និងការប្រកួតប្រជែងភូមិ សាស្ត្រនយោបាយដែលកាន់តែស្មុគស្មាញ, ស្រួចស្រាល់ និងគ្រោះថ្នាក់បំផុត ។ ជាអកុសល នៅ ក្នុងកម្រិតណាមួយនោះ, ខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយត្រូវបានគូសវាសឡើងរួចទៅហើយ ដែលការណ៍នេះ អាចនឹងរុញច្រានឱ្យមានការកើតឡើងនូវនិន្នាការបន្ទច់បង្អាក់មិនប្រក្រតី នោះគឺ រដ្ឋតូចៗកំពុងស្ថិតនៅក្រោមសម្ពាធឱ្យធ្វើការជ្រើសរើសភាគីម្ខាងៗ ដែលផ្ទុយពីឆន្ទៈ និងផលប្រយោជន៍ជាតិរបស់ខ្លួន។
សម្តេចបន្តថា ជាក់ស្ដែង, កម្ពុជា គឺជាឧទាហរណ៍គំរូមួយ ដែលគួរពិចារណាយកបទពិសោធន៍ ។ សន្តិភាព ពេញលេញដែលយើងទទួលបាននាពេលនេះ គឺត្រូវបានកសាងឡើងដោយមានការចូលរួមពីភាគី ពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេស ។
សម្តេចគូសបញ្ជាក់ថា នាដើមទសវត្សន៍ឆ្នាំ ១៩៩០, កម្ពុជាមិន អាចសម្រេចបានសន្តិភាពពេញលេញនោះទេ បើទោះបីជាសហគមន៍អន្តរជាតិបានចំណាយថវិកា អស់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក ។ សង្គ្រាមនៅតែបន្តអូសបន្លាយរហូតដល់ខែ ធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាអាចឈានទៅសម្រេចបានសន្តិភាពពេញលេញ បន្ទាប់ពីបានអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដើម្បីស្វែងរកដំណោះស្រាយនយោបាយរួមមួយក្នុងចំណោមជាតិសាសន៍របស់យើង ។ ក្នុងន័យនេះ, សម្តេចក៏សូមគូសបញ្ជាក់ជាថ្មីម្តងទៀតថា យើងត្រូវតែមាន " ភាពជាម្ចាស់ប្រទេស" នៅក្នុងការកសាងសន្តិភាព និងការកសាងប្រទេសជាតិនៅក្រោយជម្លោះ ។
សម្តេចបន្តថា សម្តេចពិតជាមានមោទនភាព ដែលវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) របស់កម្ពុជា ត្រូវបានសហ ព័ន្ធសន្តិភាពសកល ជ្រើសរើសបំពេញតួនាទីជាលេខាធិការដ្ឋានប្រចាំអាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធី «ស្ថាប័នស្រាវជ្រាវឆ្នាំ ២០២២» ។
សម្តេចយល់ថា ស្ថាប័នស្រាវជ្រាវក៏មានតួនាទីសំខាន់ក្នុងការចូលរួម ចំណែកដោះស្រាយបញ្ហាវិបត្តិ និងលើកកម្ពស់ការរក្សាសន្តិភាព តាមរយៈការវិភាគស៊ីជម្រៅ និង ការបណ្តុះស្មារតីផ្លាស់ប្តូរមតិយោបល់ និងកិច្ចសន្ទនា ។ លើសពីនេះ, ស្ថាប័នស្រាវជ្រាវត្រូវផ្ដល់ អាទិភាពខ្ពស់លើភាពប្រាកដនិយម, រក្សាស្មារតីស្ថាបនា, មិនប្រកាន់និន្នាការជ្រុលនិយម, លើក កម្ពស់គោលការណ៍ស្វែងយល់ពីគ្នា និងផ្តល់តម្លៃដល់ភាពចម្រុះ (diversity) ក្នុងការសិក្សាការ វិភាគ និងការដាក់ចេញនូវអនុសាសន៍នានា ក្នុងបុព្វហេតុស្វែងរក និងរក្សាសន្តិភាព ជាពិសេសការ ធានាបាននូវការអភិវឌ្ឍប្រកបដោយបរិយាបន្នដល់មនុស្សជាតិ ៕
អត្ថបទ មុត សុទ្ធ


