ទួរគី និងអ៊ីរ៉ាក់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយោធា សន្តិសុខ និងប្រឆាំងអំពើភេរវកម្ម។ នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែសីហា) បន្ទាប់ពីមានកិច្ចពិភាក្សាសន្តិសុខកម្រិតខ្ពស់នៅទីក្រុងអង់ការ៉ា (Ankara)។
ប្រទេសជិតខាងទាំង២ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានជាប់នៅក្នុងជម្លោះ ដោយសារប្រតិបត្តិការយោធាឆ្លងព្រំដែនរបស់ទីក្រុងអង់ការ៉ា ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃឺដ គឺក្រុមមិនស្របច្បាប់ PKK ដែលមានមូលដ្ឋាននៅតំបន់ភ្នំភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។ អ៊ីរ៉ាក់បាននិយាយថា ប្រតិបត្តិការនោះរំលោភលើអធិបតេយ្យភាពរបស់ខ្លួន ប៉ុន្តែទីក្រុងអង់ការ៉ា និយាយថា ពួកគេចាំបាច់ត្រូវធ្វើ ដើម្បីការពារខ្លួន។
យ៉ាងណាក្ដី ទំនាក់ទំនងមានភាពប្រសើរឡើងវិញចាប់តាំងពីឆ្នាំមុន នៅពេលដែលប្រទេសទាំង២ បានយល់ព្រមធ្វើកិច្ចចរចាកម្រិតខ្ពស់ អំពីបញ្ហាសន្តិសុខ ហើយបន្ទាប់ពីដំណើរទស្សនកិច្ច កាលពីខែមេសាដោយប្រធានាធិបតីទួរគី លោក Tayyip Erdogan ទៅកាន់ទីក្រុងបាកដាដ (Baghdad) ជាកន្លែងដែលលោកបាននិយាយថា ទំនាក់ទំនងបានឈានចូលដំណាក់កាលថ្មីមួយហើយ។
ក្រុងអង់ការ៉ា និងក្រុងបាកដាដ បានបើកកិច្ចប្រជុំជុំទី៤ ក្នុងសប្តាហ៍នេះ ដែលជាផ្នែកនៃយន្តការសន្ទនា។ កាលពីខែមីនា អ៊ីរ៉ាក់បានដាក់ឈ្មោះក្រុម PKK ថា ជា «អង្គការត្រូវបានហាមឃាត់ ក្នុងប្រទេសអ៊ីរ៉ាក់» ជាចំណាត់ការដែលត្រូវបានស្វាគមន៍ដោយទួរគី។
បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងអង់ការ៉ា លោក Fidan បាននិយាយជាមួយសមភាគីអ៊ីរ៉ាក់ គឺលោក Fuad Hussein ថា កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិនៃភាគីទាំង២ មាន «សារៈសំខាន់ជាប្រវត្តិសាស្ត្រ» ខណៈដែលលោក Hussein បាននិយាយថា វាជា «លើកដំបូងក្នុងប្រវត្តិសាស្ត្រអ៊ីរ៉ាក់ និងទួរគី» នៅក្នុងវិស័យនេះ៕