នាយករដ្ឋមន្រ្តីជាប់ឆ្នោតរបស់ប្រទេសថៃលោកស្រី Paetongtarn Shinawatra និយាយនៅថ្ងៃសុក្រនេះថា លោកស្រីពិតជាមានកិត្តិយសខ្លាំងណាស់ និងសប្បាយរីករាយជាខ្លាំង នៅក្នុងសេចក្តីអត្ថាធិប្បាយលើកដំបូងរបស់លោកស្រី ក្រោយឆ្លងកាត់ការបោះឆ្នោតសភានៅព្រឹកមិញនេះ ។
នៅក្នុងសេចក្តីអត្ថាធិប្បាយលើកដំបូងរបស់លោកស្រី ក្នុងនាមជានាយករដ្ឋមន្រ្តីជាប់ឆ្នោត លោកស្រី Paetongtarn និយាយថា លោកស្រីមានភាពក្រៀមក្រំ និងភ័ន្តភាំង ចំពោះការបណ្តេញសម្ព័ន្ធមិត្ត Srettha Thavisin ចេញពីតំណែងនាយករដ្ឋមន្រ្តី និងបានសម្រេចចិត្តថា វាដល់ពេលត្រូវឡើងម្តង ។
លោកស្រី និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រីបាននិយាយជាមួយលោក Srettha គ្រួសារលោកស្រី និងមនុស្សនៅក្នុងគណបក្សលោកស្រី ហើយនិងបានសម្រេចចិត្តថា វាដល់ពេលដែលត្រូវធ្វើអ្វីមួយ សម្រាប់ប្រទេស និងគណបក្សរបស់លោកស្រី ។
គួរឲ្យដឹងថា កូនស្រីពៅវ័យ ៣៧ឆ្នាំរបស់អតីតនាយករដ្ឋមន្រ្តី លោក Thaksin Shinawatraរូបនេះ ទទួលបានការបោះឆ្នោតគាំទ្រលើស ៥១ភាគរយដែលត្រូវការ ដើម្បីទទួលបានតំណែងកំពូលនេះ ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការធម្មនុញ្ញ សម្រេចដកតំណែងលោក Srettha ពីតំណែងនាយករដ្ឋមន្ត្រី ។
លោកស្រី Paetongtarn ក្លាយជានាយករដ្ឋមន្រ្តីស្រីទី ២របស់ប្រទេសថៃ និងជាអ្នកទី ៣ក្នុងគ្រួសារ Shinawatra ទទួលយកការការងារកំពូលមួយនេះ បន្ទាប់ពីម្តាយមីង Yingluck Shinawatra និងលោកឪពុក Thaksin ដែលជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតមួយរូបរបស់ប្រទេសមួយនេះ ៕