នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលប៉ាគីស្ថាន បានបញ្ជាក់ពីវីរុសអុតស្វា ១ករណី កើតមានលើអ្នកជំងឺដែលទើបវិលត្រឡប់ពីប្រទេសនៅអារ៉ាប់ ស្របពេលដែលក្រុមអាជ្ញាធរសុខភាពខេត្ត រាយការណ៍ថា ពួកគេបានរកឃើញវីរុសអុតស្វា ៣ករណី ។
អ្នកនាំពាក្យក្រសួងសុខាភិបាលប៉ាគីស្ថាន និយាយថា ការសិក្សាហ្សែនករណីដែលបានបញ្ជាក់ កំពុងធ្វើឡើង ហើយពួកគេនៅមិនទាន់ច្បាស់នោះទេថាតើវីរុសបំប្លែងមួយណានៃជំងឺអុតស្វាដែលអ្នកជំងឺកើតមាន រហូតដល់ដំណើរការសិក្សា បានបញ្ចប់ជាមុនសិន ។
នៅព្រឹកថ្ងៃសុក្រនេះ មន្ទីរសុខាភិបាលនៅខេត្តភាគខាងជើង Khyber Pakhtunkhwa និយាយថា វីរុសអុតស្វា ៣ករណីត្រូវបានរកឃើញលើអ្នកជំងឺពេលមកដល់ពីប្រទេសអារ៉ាប់រួម ។ គេនៅមិនទាន់ច្បាស់នោះទេថាតើ អ្នកជំងឺដែលបានបញ្ជាក់ដោយក្រសួងសុខភិបាលកណ្តាលប៉ាគីស្ថាន ស្ថិតនៅក្នុងចំណោមករណីទាំង ៣នេះដែរឬទេ ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមមន្ត្រីសុខាភិបាលអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ពីការឆ្លងនៃវីរុសអុតស្វាប្រភេទថ្មីនៅក្នុងប្រទេសស៊ុយអែត ហើយបានភ្ជាប់ករណីនោះទៅនឹងការរីករាលដាលកាន់តែខ្លាំងឡើងនៅក្នុងទ្វីបអាហ្រ្វិក ដែលជាសញ្ញាដំបូងនៃការរីករាលដាលនៅខាងក្រៅទ្វីប មួយថ្ងៃបន្ទាប់ពី WHO បានប្រកាសថាជំងឺនេះបញ្ហាសុខភាពសាធារណៈបន្ទាន់របស់ពិភពលោក ។
ដោយឡែក កាលពីថ្ងៃពុធ WHO បានប្រកាសការផ្ទុះឡើងនៅទ្វីបអាហ្រ្វិកថា ជាភាពអាសន្នផ្នែកសុខភាពសាធារណៈដែលជាការព្រួយបារម្ភអន្តរជាតិ ឬកម្រិត PHEIC ដែលជាប្រកាសអាសន្នខ្ពស់បំផុតរបស់ WHO បន្ទាប់ពីករណីឆ្លងនៅប្រទេសកុងហ្គោ បានរីករាលដាលដល់ប្រទេសជិតខាង ។
មានអ្នកឆ្លងជំងឺនេះចំនួន ២៧.០០០ករណី និងមានអ្នកស្លាប់ច្រើនជាង ១.១០០នាក់ ភាគច្រើនក្នុងចំណោមកុមារ នៅកុងហ្គោ ចាប់តាំងពីការផ្ទុះឡើងនាពេលបច្ចុប្បន្ន បានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៣ រហូតមក ៕