អង្គការណាតូ (NATO) កំពុងពង្រឹងវត្តមានរបស់ខ្លួន នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដោយការបញ្ជូននាវាចម្បាំងទៅកាន់កន្លែងជាច្រើន ជាសកម្មភាពប្រថុយនឹងការបង្កភាពតានតឹងជាមួយប្រទេសចិន ដែលព្រួយបារម្ភអំពីការកើនឡើងនូវឥទ្ធិពលរបស់សម្ព័ន្ធភាពនេះ នៅក្នុងតំបន់។
ការធ្វើដំណើរទៅដល់ចុងក្រោយបំផុត គឺនាវាផ្ទុកយន្តហោះអ៊ីតាលី Cavour ដោយនេះជាលើកដំបូងដែលទីក្រុងរ៉ូម បានដាក់ពង្រាយនាវាផ្ទុកយន្តហោះតែមួយគត់របស់ខ្លួនទៅកាន់តំបន់ប៉ាស៊ីហ្វិក។ នាពេលថ្មីៗនេះ នាវាផ្ទុកយន្តហោះ Cavour និងនាវាចម្បាំងអ៊ីតាលី បានធ្វើសមយុទ្ធជាមួយនាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln នៅជិតកោះហ្គាម។ មួយថ្ងៃក្រោយមក យន្តហោះបំបាំងកាយ F-35 និងយន្តហោះចម្បាំង AV-8B Harrier ដែលបានចាប់ផ្តើមហោះចេញពីនាវា Cavour បានអនុវត្តការបាញ់ទម្លាក់គោលដៅតាមអាកាស។
លោកឧត្តមនាវីទោ Giancarlo Ciappina មេបញ្ជាការនៃក្រុមប្រយុទ្ធរបស់នាវា Cavour បាននិយាយថា៖ «នេះ គឺជាការបង្ហាញ ជាពិសេសលើសមត្ថភាពរបស់យើង ក្នុងការបង្កើតឥទ្ធិពលគ្រប់ទីកន្លែង»។
យ៉ាងណាក្ដី មានអ្នកវិភាគសន្តិសុខតិចតួច ដែលរំពឹងថា កងនាវាចរអឺរ៉ុប នឹងមានចំណែកក្នុងសមរភូមិ នៅក្នុងជម្លោះណាមួយ នៅប៉ាស៊ីហ្វិក។ ប៉ុន្តែភាពញឹកញាប់នៃវត្តមានរបស់នាវាទាំងនោះ កំពុងបង្កភាពស្មុគស្មាញដល់ការសម្រេចជាយុទ្ធសាស្ត្របស់ប្រទេសចិន ខណៈខ្លួនបង្កើនសកម្មភាពយោធា ក្នុងនោះរួមទាំងការហោះហើរយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក នៅជិតកោះតៃវ៉ាន់ និងការប្រឈមមុខដាក់គ្នាជាមួយហ្វីលីពីន នៅសមុទ្រចិនខាងត្បូងផងដែរ។
ក្នុងគ្រាមានវិបត្តិ កងនាវាចរអ៊ឺរ៉ុប អាចនឹងបង្កើនកម្លាំងយោធាអាមេរិក ដូចជាការផ្តល់វេទិកាបន្ថែម សម្រាប់យន្តហោះអាមេរិក ដោយបន្ថែមសមត្ថភាពប្រមាញ់នាវាមុជទឹក ឬរួមចំណែកដល់បេសកកម្មផ្គត់ផ្គង់។ គួរបញ្ជាក់ថា សមាជិកណាតូមានសន្ធិសញ្ញាការពារទៅវិញទៅមក ដែលអនុវត្តចំពោះតែការវាយប្រហារនៅអឺរ៉ុប និងអាមេរិកខាងជើងប៉ុណ្ណោះ ដូច្នេះ ពួកគេនឹងមិនត្រូវបានបង្ខំឲ្យការពារគ្នាទៅវិញទៅមក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនោះទេ។
ការពិតទៅ អង្គការណាតូបានធ្វើអ្វីៗដោយប្រុងប្រយ័ត្ន ព្រោះមិនចង់ប្រឈមមុខជាមួយចិន ប៉ុន្តែភាពតានតឹង បានកើនឡើងក្នុងឆ្នាំ២០២៤ នេះ នៅពេលដែលសម្ព័ន្ធភាពយោធា បានហៅទីក្រុងប៉េកាំងថា ជាអ្នកជួយគាំទ្រដល់លុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជាការចោទប្រកាន់ត្រូវបានប្រទេសចិនច្រានចោល។ កាលពីឆ្នាំ២០២២ អង្គការណាតូបានរួមបញ្ចូលចិនជាលើកដំបូង នៅក្នុងឯកសារយុទ្ធសាស្ត្រណែនាំរបស់ខ្លួន ដោយពណ៌នាប្រទេសនេះថា ជាគូប្រជែងចំពោះ «ផលប្រយោជន៍ សន្តិសុខ និងតម្លៃ» របស់អង្គការនេះ។ ជាការឆ្លើតតប ប្រទេសចិននិយាយថា អស្ថិរភាពកើតឡើងដោយសារវត្តមានយោធាមកពីតំបន់ផ្សេងទៀត ដែលកំពុងប្រតិបត្តិការនៅជិតសមុទ្ររបស់ខ្លួន៕