កំពង់ផែសមុទ្រ Salalah របស់ប្រទេសអូម៉ង់ រាយការណ៍ពីការធ្លាក់ចុះទំហំនៃចំនួនកុងតឺន័រប្រហែល ១៦ភាគរយ នៅឆមាសដំបូងក្នុងឆ្នាំ ២០២៤ នេះ ស្របពេលនាវា ប្តូរទិសដៅធ្វើដំណើរតាមផ្លូវនៅឆ្ងាយជុំវិញតំបន់ជ្រោយទ្វីបអាហ្វ្រិក ដើម្បីជៀសផុតពីការវាយប្រហារដោយយានដ្រូន និងមីស៊ីលនៅក្នុងសមុទ្រក្រហម ។
កំពង់ផែដែលនៅជិតបង្កើយបំផុតនឹងព្រំដែនយេម៉ែននេះ មានកុងតឺន័រ ១,៦៧៩លានកុងតឺន័រ ក្នុងរយៈពេល ៦ខែដំបូង គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ បើធៀបនឹងរយៈពេល ៦ខែមុន មានរហូតដល់ ១,៩៩៩លានកុងតឺន័រ ។
ការវាយប្រហារដោយយានដ្រូន និងមីស៊ីលនៅសមុទ្រក្រហម ចាប់តាំងពីខែតុលា ឆ្នាំមុន ត្រូវបានធ្វើឡើងដោយក្រុមឧទ្ទាមហ៊ូទីយេម៉ែន ដែលនិយាយថា ពួកគេធ្វើបែបនេះ ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ។
ការវាយប្រហាររបស់ពួកគេ បានធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូនតាមមហាសមុទ្រជាច្រើន នៅឆ្ងាយពីព្រែកជីក Suez ដើម្បីធ្វើដំណើរជុំវិញតំបន់ជ្រោយ Cape of Good Hope នៅភាគខាងត្បូងអាហ្វ្រិក ។
កំពង់ផែ Salalah រំពឹងផងដែរថា ទំហំនៃចំនួនកុងតឺន័រ នឹងបន្តធ្លាក់ចុះ សម្រាប់ពេលសេសសល់ក្នុងឆ្នាំនេះ បើសិនជាវិបត្តិពុំត្រូវបានដោះស្រាយទេនោះ ៕
