គណៈកម្មាធិការរៀបចំការបោះឆ្នោត នៅថ្ងៃសុក្រ (ទី១៦ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌានឹងរៀបចំការបោះឆ្នោតថ្នាក់ខេត្ត នៅក្នុងដែនដីតំបន់ភ្នំហិមាល័យ Jammu និង Kashmir ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដែលជាការបោះឆ្នោតថ្នាក់តំបន់លើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍ និង ៥ឆ្នាំបន្ទាប់ពីទីក្រុង New Delhi បានលុបចោលស្វ័យភាពពិសេសរបស់តំបន់នេះ។
គួរបញ្ជាក់ថា តំបន់ដែលមានអ្នកកាន់សាសនាអ៊ិស្លាមច្រើនតែមួយគត់របស់ប្រទេសឥណ្ឌា Jammu និង Kashmir គឺជាចំណុចស្នូលនៃជម្លោះជាមួយប្រទេសជិតខាងប៉ាគីស្ថានជាង ៧៥ឆ្នាំ គិតចាប់តាំងពីប្រជាជាតិទាំង២ ទទួលបានឯករាជ្យពីអាណានិគមរបស់ចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩៤៧។
តំបន់ Kashmir ដ៏ធំនេះ ត្រូវបានបែងចែក រវាងឥណ្ឌា ប៉ាគីស្ថាន និងចិន។ ផ្នែកគ្រប់គ្រងដោយប្រទេសឥណ្ឌា ទទួលបានឋានៈពិសេសមួយ ដែលត្រូវបានដកហូតដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi ក្នុងឆ្នាំ២០១៩ ហើយរដ្ឋនេះត្រូវបានបំបែកជាដែនដីចំនួន ២ ដែលគ្រប់គ្រងដោយសហព័ន្ធ។
ការសម្រេចរៀបចំការបោះឆ្នោតថ្មីនេះ ធ្វើឡើងបន្ទាប់ពីមានដីកានៅខែធ្នូរបស់តុលាការកំពូលរបស់ឥណ្ឌា ដែលបានច្រានចោលញត្តិជំទាស់នឹងការដកហូតឋានៈពិសេសរបស់ដែនដី Kashmir ហើយបានកំណត់ថ្ងៃផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា សម្រាប់ការបោះឆ្នោតថ្នាក់ខេត្ត។
គណៈកម្មាធិការរៀបចំការបោះឆ្នោត បានឲ្យដឹងថា មនុស្សជិត ៩លាននាក់ បានទៅចុះឈ្មោះបោះឆ្នោត ដើម្បីជ្រើសរើសសភានីតិបញ្ញត្តិ ដែលមានសមាជិក ៩០រូប៕

