ពលរដ្ឋថៃនិយាយនៅថ្ងៃសុក្រនេះថា វាដល់ពេលដែលត្រូវផ្លាស់ប្តូរថ្នាក់ដឹកនាំហើយ ប៉ុន្តែពួកគេនិយាយថា ពួកគេសង្ឃឹមថា លោកស្រីនាយករដ្ឋមន្រ្តីជាប់ឆ្នោត Paetongtarn Shinawatra នឹងបន្តគោលនយោបាយរដ្ឋាភិបាល ក្រោយសភាជ្រើសតាំងលោកស្រី ឲ្យក្លាយជាមេដឹកនាំបន្ទាប់ ។
លោក Nitiroj Lukkosipong ដែលបម្រើការជាអាជីវករ និយាយថា ការតែងតាំងនាយករដ្ឋមន្រ្តីថ្មៅ ចៀសមិនផុតនោះទេ ។
ចំណែកឯលោក Chana Nanimnual គឺជាអ្នករត់ម៉ូតូឌុប និយាយថា លោកសង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មី នឹងបន្តគោលនយោបាយ “កាបូបឌីជីថល”(ប្រាក់លើកទឹកចិត្ត) ។
គួរឲ្យដឹងថា ពលរដ្ឋថៃជាង ១៦លាននាក់ បានដាក់ពាក្យសុំទទួលប្រាក់លើកទឹកចិត្ត“កាបូបឌីជីថល” នៅថ្ងៃចុះបញ្ជី ធ្វើឲ្យគាំងប្រព័ន្ធមួយនេះ ប៉ុន្តែពួកគេបង្ហាញតម្រូវការខ្ពស់ សម្រាប់គម្រោងដ៏ជម្លោះមួយនេះ ដែលបានដាក់ចេញក្រោមរដ្ឋាភិបាលរបស់លោក Srettha Thavisin មុនពេលរូបលោកត្រូវបានតុលាការធម្មនុញ្ញ បណ្តេញចេញពីតំណែងកាលពីថ្ងៃពុធ ។
អ្នកស្រី Angsana Pinrat វ័យ ៦៦ឆ្នាំ ដែលជាអាជីវករថៃមួយរូបទៀត និយាយថា ពលរដ្ឋតាមមូលដ្ឋាន ត្រូវការគោលនយោបាយ “កាបូបឌីជីថល” ។
សូមបញ្ជាក់ថា លោកស្រី Paetongtarn ដែលជាកូនស្រីពៅវ័យ ៣៧ឆ្នាំរបស់អតីតនាយករដ្ឋមន្រ្តី លោក Thaksin Shinawatra ទទួលបានការបោះឆ្នោតគាំទ្រលើស ៥១ភាគរយដែលត្រូវការ ដើម្បីទទួលបានតំណែងកំពូលនេះ ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការធម្មនុញ្ញ សម្រេចដកតំណែងលោក Srettha ជានាយករដ្ឋមន្ត្រី ៕

