ព័ទ្ធជុំវិញដោយជួរផ្នូរគ្មានទីបញ្ចប់ស្ថិតនៅទីក្រុងភាគខាងត្បូង Khan Younis លោក Najy Abu Hateb គឺជាអ្នកជីកផ្នូរនៅតំបន់ហ្កាហ្សា បានធ្វើការដោយមិនគិតពីការនឿយហត់នោះឡើយ ។
ស្របពេលដែលចំនួនមនុស្សស្លាប់កើនឡើងដល់ ៤០.០០៥នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក Abu Hateb បានឆ្លុះបញ្ចាំងពីការពិតដែលលោកប្រឈមជារៀងរាល់ថ្ងៃ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ។ លោកនិយាយជាមួយសំឡេងធ្ងន់អស់កម្លាំងថា ពួកយើងមិនឈប់សូម្បី ១នាទី ។
ការងាររបស់លោក Abu Hateb គឺមានឥតឈប់ឈរ ។ លោក និងកម្មករផ្សេងទៀត ប្រឹងប្រែងបញ្ចុះសាកសពនៅក្នុងដីខ្សាច់ ដាក់សាកសពលើគ្នា ពេលដែលពួកគេពិបាករកកន្លែងបញ្ចុះសព នៅទីស្មសានមានសាកសពដ៏ច្រើនលើសលប់នេះ ។
លោក Abu Hateb និយាយថា នេះគឺជាជីវិតនាពេលបច្ចុប្បន្ននេះ គ្មានកន្លែងសេសសល់សម្រាប់បញ្ចុះមនុស្សស្លាប់ទៀតទេ ។
គួរឲ្យដឹងថា ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនប៉ាឡេស្ទីនជាង ៤ម៉ឺននាក់ ត្រូវបានសម្លាប់ ដោយសារសកម្មភាពសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ចាប់តាំងការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស់លើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ។
ពួកគេនិយាយថា មកទល់នឹងថ្ងៃព្រហស្បតិ៍នេះ ចំនួនមនុស្សស្លាប់ បានកើនឡើងដល់ ៤០.០០០៥នាក់ ពោលគឺស្មើនឹងប្រហែល ១,៧ភាគរយនៃចំនួនពលរដ្ឋសរុប ២,៣លាននាក់នៅក្នុងតំបន់ហ្កាហ្សា ៕
