ក្រុមមន្រ្តីនៅអង្គការសុខភាពពិភពលោក(WHO) និងសហព័ន្ធកាកបាទក្រហមអន្តរជាតិ(IFRC) នៅថ្ងៃសុក្រនេះ បានណែនាំមិនឲ្យបិទព្រំដែនណាមួយនោះឡើយ ដើម្បីបញ្ឈប់ការរីករាលដាលឆ្លងជំងឺអុតស្វា ក្រោយករណីដំបូងនៃជំងឺ ត្រូវបានរកឃើញក្នុងសប្តាហ៍នេះ នៅក្រៅអាហ្វ្រិក ។
គួរឲ្យដឹងថា ក្រសួងសុខាភិបាលប៉ាគីស្ថាន បានបញ្ជាក់ពីវីរុសអុតស្វា ១ករណី កើតមានលើអ្នកជំងឺដែលទើបវិលត្រឡប់ពីប្រទេសនៅអារ៉ាប់ ស្របពេលដែលក្រុមអាជ្ញាធរសុខភាពខេត្ត រាយការណ៍ថា ពួកគេបានរកឃើញវីរុសអុតស្វា ៣ករណី ។
មន្ទីរសុខាភិបាលនៅខេត្តភាគខាងជើង Khyber Pakhtunkhwa និយាយថា វីរុសអុតស្វា ៣ករណីត្រូវបានរកឃើញលើអ្នកជំងឺពេលមកដល់ពីប្រទេសអារ៉ាប់រួម ។ គេនៅមិនទាន់ច្បាស់នោះទេថាតើ អ្នកជំងឺដែលបានបញ្ជាក់ដោយក្រសួងសុខភិបាលកណ្តាលប៉ាគីស្ថាន ស្ថិតនៅក្នុងចំណោមករណីទាំង ៣នេះដែរឬទេ ។
ទម្រង់ថ្មីនៃវីរុស បានបង្កឲ្យមានក្តីបារម្ភសកល ដោយសារវាងាយរីករាលដាលជាងពេលធម្មតា ។ ករណីវីរុសបំប្លែងថ្មី ត្រូវបានបញ្ជាក់នៅប្រទេសស៊ុយអែតកាលពីថ្ងៃព្រហស្បតិ៍ ហើយនិងមានទំនាក់ទំនងជាមួយការរីករាលដាលលឿននៅអាហ្វ្រិក ដែលជាសញ្ញាមួយនៃការរីករាលដាលនៅក្រៅទ្វីប ។
អ្នកស្រី Bronwyn Nichol គឺជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់ IFRC និយាយប្រាប់សន្និសីទសារព័ត៌មានរបស់ UNនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា គ្មានតម្រូវការឲ្យបិទព្រំដែននោះទេ ។
លោកបន្តថា ពេលពួកយើងស្ថិតនៅក្នុងដំណាក់កាលរីករាលដាល ជំងឺមិនស្គាល់ព្រំដែននោះទេ មនុស្សនឹងបន្តឆ្លងកាត់ព្រំដែន មិនថាជាការឆ្លងកាត់ព្រំដែនស្របច្បាប់ ឬមិនស្របច្បាប់នោះទេ ៕