ក្រុមយុវជនដែលកំពុងរស់នៅ និងសិក្សាក្នុងរាជធានីភ្នំពេញ បានសម្តែងការមិនពេញចិត្ត និងឲ្យដឹងដូចគ្នាថា នឹងមិនចូលរួមជាដាច់ខាតនូវការបំផុសបំផុល ញុះញង់ពីក្រុមអគតិមួយចំនួន ធ្វើការបាតុកម្មដើម្បីចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះឡើយ ពីព្រោះជាទង្វើមិនត្រឹមត្រូវ ដែលនាំឲ្យបង្កផលផលប៉ះពាល់ដល់សង្គមជាតិ។
នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មានប៊ីធីវី យុវជន គង់ ពេជ្រ សព្វថ្ងៃរស់នៅក្រុងភ្នំពេញ បាននិយាយថា ទង្វើដែលក្រុមជ្រុលនិយមមួយចំនួនបានកំពុងធ្វើ និងញុះញង់ឲ្យធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលទៅនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA គឺជាការមិនត្រឹមត្រូវនោះទេ ព្រោះទង្វើនេះជាសកម្មភាពខុសច្បាប់ ថែមទាំងបង្កចលាចល បង្កផលប៉ះពាល់ ថែមទាំងរំខានដល់សង្គមជាតិទាំងមូលផងដែរ ខណៈកំពុងរស់នៅជាមួយសុខសន្តិភាពយ៉ាងពេញលេញ។
ស្រដៀងគ្នានេះ យុវជន សុន វិស្សា មានស្រុកកំណើតមកពីខេត្តព្រះវិហារ បច្ចុប្បន្នជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា បានបង្ហាញការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ CLV និងអះអាងទៀតថា មិនចូលរួមធ្វើបាតុកម្មជាមួយក្រុមអគតិណាមួយក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះឡើយ ព្រោះជាទង្វើខុសច្បាប់ ខណៈកិច្ចសហប្រតិបត្តិការនេះ បាននិងកំពុងធ្វើឲ្យខេត្តចំនួន៤ របស់កម្ពុជា រួមមាន៖ មណ្ឌលគិរី , រតនគិរី ស្ទឹងត្រែង និងក្រចេះ ប្រែក្លាយជាតំបន់ដាច់ស្រយ៉ាល មកជាទីប្រជុំជនមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី សាលារៀន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) មានរយៈពេល ២៥ឆ្នាំ។ រហូតមកដល់ឆ្នាំ២០២៤នេះ មានកិច្ចប្រជុំចំនួន១១ដង ក្នុងនោះសមិទ្ធផលជារួមសម្រាប់ត្រីភាគីតែម្ដង គឺជាការតភ្ជាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងបី កំណើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្មរបស់ត្រីភាគី៕ អត្ថបទ ឈិត បូរ៉ាវី

