មេដឹកនាំធុរកិច្ចជាច្រើន អន្ទះសារចង់ដឹងពីទិសដៅនៃគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសថៃ បន្ទាប់ពីមេដឹកនាំគណបក្សភឿថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត(Paetongtarn Shinawatra) ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រី ដែលអាចបណ្តាលឱ្យមានការផ្លាស់ប្តូរយ៉ាងទូលំទូលាយនៅក្នុងទិដ្ឋភាពនយោបាយរបស់ប្រទេសនេះ។
សភារបស់ប្រទេស កាលពីថ្ងៃសុក្រ បានបញ្ជាក់ពីការតែងតាំង លោកស្រី Paetongtarn ដោយធ្វើឱ្យលោកស្រី ក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស នៅអាយុត្រឹមតែ៣៧ ឆ្នាំ។ លោកស្រី ជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត។
នេះបានបង្កើនការព្រួយបារម្ភ ចំពោះស្ថិរភាពនយោបាយរបស់ប្រទេសថៃ និងបានដាក់ស្រមោលលើទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលបានប្រឈមមុខទៅនឹងបញ្ហាជាច្រើនរួចទៅហើយ។
លោក អាម៉ុនថេប ចាវឡា(Amonthep Chawla) ប្រធានសេដ្ឋវិទូនៅធនាគារ CIMB Thai Bankបាននិយាយថា ការផ្លាស់ប្តូរនយោបាយនឹងកើតមានឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីការដកចេញពីតំណែង អតីតនាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន(Srettha Thavisin) កាលពីថ្ងៃពុធ។
លោកនិយាយថា ចាប់ពីពេលនេះទៅ ការយកចិត្តទុកដាក់គួរផ្តោតលើការតាមដានគោលនយោបាយរបស់រដ្ឋាភិបាលថ្មី។ លោករំពឹងថារដ្ឋបាលថ្មី អាចនឹងលុបចោលគម្រោងកាបូបលុយឌីជីថល ហើយទំនងជានឹងណែនាំវិធានការជំរុញថ្មីក្នុងគោលបំណងគាំទ្របុគ្គលដែលមានប្រាក់ចំណូលទាប និងបង្កើនសាច់ប្រាក់ នៅក្នុងផ្នែកដែលងាយរងគ្រោះរបសប្រជាជន។
លោក Amonthep បាននិយាយថា ទោះជាយ៉ាងណា ការបង្កើតរដ្ឋាភិបាលថ្មី អាចពន្យារពេលការអនុម័តថវិកាសារពើពន្ធឆ្នាំ ២០២៥ ទោះបីជា វាមិនត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចក៏ដោយ។