មនុស្សរាប់ពាន់នាក់ បានចេញធ្វើបាតុកម្មនៅតាមទីក្រុងនានារបស់ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ ដើម្បីតវ៉ាប្រឆាំងការចាប់រំលោភ និងសម្លាប់វេជ្ជបណ្ឌិតហាត់ការម្នាក់ នៅមន្ទីរពេទ្យរដ្ឋាភិបាលមួយ ដោយទាមទាររកយុត្តិធម៌ និងសន្តិសុខឲ្យកាន់តែប្រសើរនៅតាមបរិវេណពេទ្យ និងនៅតាមមន្ទីរពេទ្យនានា។
ក្រុមបាតុករ បានកាន់ស្លាកសញ្ញាអំពាវនាវឱ្យមានការទទួលខុសត្រូវចំពោះការចាប់រំលោភនិងសម្លាប់ស្ត្រី ខណៈពួកគេបានមកប្រមូលផ្តុំគ្នានៅជិតសភា ក្នុងទីក្រុង New Delhi។
ការតវ៉ាស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងKolkata ភាគខាងកើត ជារដ្ឋធានី នៃរដ្ឋ West Bengal ជាកន្លែងដែលការសម្លាប់វេជ្ជបណ្ឌិតស្ត្រីបានកើតឡើង និងនៅទីក្រុងផ្សេងទៀតរបស់ឥណ្ឌា ព្រមទាំងទីក្រុង Mumbai ផងដែរ។
ការតវ៉ា ដែលជាទូទៅធ្វើដោយសន្តិវិធី បានចាប់ផ្តើមកាលពីថ្ងៃទី៩ ខែសីហា នៅពេលដែលនគរបាលបានរកឃើញសាកសពដែលប្រឡាក់ឈាម របស់វេជ្ជបណ្ឌិតអាយុ៣១ឆ្នាំម្នាក់ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ R.G. Kar Medical College របស់រដ្ឋ និងសាលប្រជុំរបស់មន្ទីរពេទ្យនៅទីក្រុង Kolkata ។
ការធ្វើកោសល្យវិច័យក្រោយមក បញ្ជាក់ពីការរំលោភផ្លូវភេទ ហើយនគរបាលស្ម័គ្រចិត្តម្នាក់ ត្រូវបានឃុំខ្លួនពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មនេះ។
ក្រុមគ្រួសារជនរងគ្រោះ បានចោទប្រកាន់ថា ជាករណីរំលោភដោយក្រុមជនអន្ធពាល និងមានការពាក់ព័ន្ធជាច្រើនទៀត។
មន្ត្រីរដ្ឋាភិបាលរដ្ឋ ដែលចាប់ផ្តើមស៊ើបអង្កេតករណីនេះ ត្រូវបានចោទប្រកាន់ពីបទគ្រប់គ្រងមិនបានល្អ។ ក្រោយមក នគរបាល បានប្រគល់សំណុំរឿងនេះទៅឱ្យក្រុមអ្នកស៊ើបអង្កេតសហព័ន្ធតាមសេចក្តីបង្គាប់របស់តុលាការ។