លោក Mustafa Kamal និងក្រុមគ្រួសាររបស់លោក បានគេចចេញពីការវាយប្រហារដោយកងជីវពលឧទ្ទាម ទៅលើទីក្រុងរបស់ពួកគេនៅភាគខាងលិចសហភាពមីយ៉ាន់ម៉ា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មុនពេលភៀសខ្លួនទៅកាន់ប្រទេសជិតខាងបង់ក្លាដែស។ ពួកគេស្ថិតក្នុងចំណោមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាច្រើន ជាជនជាតិភាគតិចមូស្លីមដែលត្រូវបានគេធ្វើទុក្ខបុកម្នេញ កាលពីពេលថ្មីៗនេះបានភៀសខ្លួនចេញពីរដ្ឋរ៉ាឃីន របស់មីយ៉ាន់ម៉ា ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង រវាងរបបយោធាដែលកំពុងកាន់អំណាច និងកងជីវពលជនជាតិភាគតិចដ៏មានឥទ្ធិពល ។
លោក Kamal ស្ថិតនៅក្នុងប្រទេសបង់ក្លាដែស ជាកន្លែងដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិតមួយលាននាក់ ភាគច្រើនរស់នៅខាងក្រៅទីក្រុង Cox's Bazar។ លោក Kamal និយាយថា កងទ័ព Arakan បានហ៊ុមព័ទ្ធ ទីក្រុងរបស់លោក ហើយបានចាប់ផ្តើមវាយប្រហារ។
នៅពេលដែលលោកឃើញមនុស្សជាច្រើន ត្រូវបានគេសម្លាប់ លោកនិយាយថា លោក និងក្រុមគ្រួសារ បានហែលទឹកទៅកាន់កោះតូចមួយដែលមានមនុស្សជាច្រើនកំពុងជ្រកកោនគេចពីអំពើហិង្សា។
សារព័ត៌មាន Reuters ពុំអាចកំណត់ថាតើមានជនជាតិរ៉ូហ៊ីងយ៉ាប៉ុន្មាននាក់ បានឆ្លងចូលទៅកាន់ប្រទេសបង់ក្លាដែស ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះទេ។ ប៉ុន្តែអង្គការសប្បុរសធម៌ផ្នែកវេជ្ជសាស្រ្ដ មួយ បាននិយាយថា ថ្មីៗនេះ ក្រុមវេជ្ជបណ្ឌិតរបស់ខ្លួន បានព្យាបាលមនុស្ស៥៤នាក់ សម្រាប់ការរងរបួសទាក់ទងនឹងអំពើហិង្សាគំរាមកំហែងដល់ជីវិត រួមទាំងរបួសដោយគ្រាប់កាំភ្លើង និងគ្រាប់ផ្លោង។
ប្រធានគណៈកម្មការរបស់ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ា លោក Kamal Hossain បាននិយាយថា លំហូរជនភៀសខ្លួននឹងត្រូវបន្ថែមធនធាន។ លោកនិយាយថា រដ្ឋាភិបាល និងអាជ្ញាធរជំរំ គួរចុះឈ្មោះពួកគេឲ្យបានត្រឹមត្រូវ ផ្តល់អាហារ និងទីជម្រក។
រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក Mohammad Touhid Hossain កំពុងស្នើឱ្យប្រទេសជិតខាង ដូចជាប្រទេសឥណ្ឌា ធ្វើការងារនេះបន្ថែមទៀត។