អង្គការសុខភាពពិភពលោក និយាយថា វិបត្តិមនុស្សធម៌ពីសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ូដង់ កំពុងធ្វើឱ្យមានជំងឺឆ្លងកាន់តែធ្ងន់ធ្ងរ ដូចជាជំងឺអាសន្នរោគជាដើម។
យោងតាមអ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក លោកស្រី Margaret Harris បានឱ្យដឹងថា ជំងឺឆ្លងដោយបាក់តេរី បានសម្លាប់មនុស្សជាង៣០០នាក់ នៅក្នុងតំបន់។
បច្ចុប្បន្ននេះ មានការរាយការណ៍យឺត ដូច្នេះយើងរំពឹងថាមានករណីស្លាប់ច្រើនជាងនេះ ប៉ុន្តែនោះជាអ្វីដែលយើងបានរាយការណ៍។ យើងកំពុងឃើញរបាយការណ៍ពីជំងឺអាសន្នរោគ កញ្ជ្រឹល គ្រុនចាញ់ គ្រុនឈាម រលាកស្រោមខួរ មកពីរដ្ឋមួយចំនួន។ លោកស្រី Harris បាននិយាយថា ជម្លោះ បានរារាំងដល់ការទទួលបានការថែទាំសុខភាព។
យើងកំពុងមើលឃើញការវាយប្រហារជាច្រើនលើការថែទាំសុខភាព។ មានការខ្វះខាតថ្នាំពេទ្យ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តមួយចំនួន ខ្វះបុគ្គលិកសុខាភិបាល និងខ្វះសាច់ប្រាក់ផងដែរ ខណៈ បុគ្គលិកសុខាភិបាល ពុំត្រូវបានគេបើកប្រាក់ខែឲ្យ។
ក្រុមអ្នកឃ្លាំមើលពិភពលោក បាននិយាយថា មនុស្សជាង៦លាននាក់ កំពុងប្រឈមមុខទៅនឹងអសន្តិសុខស្បៀងនៅក្នុងទីក្រុង Darfur ប្រទេសស៊ូដង់ ហើយគ្រោះទុរ្ភិក្ស បានកើតមានឡើងនៅក្នុងជំរំ Zamzam នៃរដ្ឋ North Darfur ។
លោកស្រី Leni Kinzli មកពីកម្មវិធីស្បៀងអាហារពិភពលោក និយាយថា ជាងពាក់កណ្តាលនៃប្រទេស ឬប្រជាជន២៥ លាននាក់ កំពុងប្រឈមទៅនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ។