មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺសហភាពអ៊ឺរ៉ុប កាលពីថ្ងៃសុក្រ ទី១៦ សីហា បានបង្កើនកម្រិតហានិភ័យរបស់ខ្លួនសម្រាប់ជំងឺអុតស្វា មួយថ្ងៃបន្ទាប់ពីមន្ត្រីសុខាភិបាលពិភពលោក បានបញ្ជាក់ពីករណីនៃការឆ្លងជាមួយវីរុសបំប្លែងថ្មីនៅក្នុងប្រទេសស៊ុយអែត ដែលជាករណីដំបូង នៅក្រៅទ្វីបអាហ្វ្រិក។
ប្រធានស្ថាប័នសុខភាពសាធារណៈរបស់សហភាពអឺរ៉ុប បាននិយាយថានឹងមានករណីនាំចូលបន្ថែមទៀតនៃវីរុសបំប្លែងថ្មីជំងឺអុតស្វា នៅក្នុងទ្វីបអឺរ៉ុប ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ទោះបីជាហានិភ័យនៃករណីឆ្លង នៅតែមានកម្រិតទាបក៏ដោយ។
អង្គការសុខភាពពិភពលោក កាលពីថ្ងៃពុធ បានប្រកាសថាជំងឺអុតស្វា ជាគ្រាអាសន្នសុខភាពសាធារណៈសកល ជាទម្រង់ខ្ពស់បំផុតនៃការប្រកាសអាសន្នរបស់ខ្លួន បន្ទាប់ពីមានការផ្ទុះឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបានរាលដាលចូលដល់ប្រទេសជិតខាង។
ជំងឺអុតស្វា ជាការឆ្លងវីរុសដែលបណ្តាលឱ្យកើតដំបៅមានខ្ទុះ និងរោគសញ្ញាដូចជំងឺផ្តាសាយ ជាធម្មតា មានស្ថានភាពស្រាល ប៉ុន្តែអាចបណ្តាលឲ្យស្លាប់បាន។ បច្ចុប្បន្ននេះ វីរុសបំប្លែងថ្មីពីរប្រភេទ កំពុងរីករាលដាលក្នុងប្រទេសកុងហ្គោ ជាទម្រង់ឆ្លងតែក្នុងស្រុកនៃវីរុស Clade I និងអំបូរថ្មីមួយឈ្មោះ Clade Ib។
មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺសហភាពអ៊ឺរ៉ុប កាលពីថ្ងៃសុក្រ បានបង្កើនការវាយតម្លៃកម្រិតហានិភ័យរបស់ខ្លួនសម្រាប់ជំងឺអុតស្វា ដល់កម្រិត«មធ្យម» ពីកម្រិត «ទាប» សម្រាប់ករណីដែលលេចចេញជាបណ្តើរៗនៅក្នុងប្លុក ហើយបានស្នើឱ្យប្រទេសនានា រក្សាកម្រិតយល់ដឹងខ្ពស់ ក្នុងចំណោមអ្នកដំណើរ ដែលមកទស្សនាពីតំបន់ដែលបានរងផលប៉ះពាល់។
នាយកមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺសហភាពអ៊ឺរ៉ុប បាននិយាយថា ដោយសារតែទំនាក់ទំនងជិតស្និទ្ធរវាងអឺរ៉ុប និងទ្វីបអាហ្រ្វិក យើងត្រូវត្រៀមរៀបចំសម្រាប់ករណីដែលនាំចូលបន្ថែមពីវីរុស clade I។
