មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ និងកងទ័ព បានប្រាប់ឲ្យដឹងថា ទឹកជំនន់ដ៏ត្រជាក់ ដែលបង្កឲ្យមានអន្តរាយ បានហូរកាត់ភូមិមួយ កាលពីថ្ងៃសុក្រ (ទី១៦ ខែសីហា) នៅក្នុងតំបន់អេវឺរ៉េស (Everest) របស់ប្រទេសនេប៉ាល់ ដោយអ្នកជំនាញសង្ស័យថា កើតឡើងដោយសារការហូរចេញភ្លាមៗពីបឹងទឹកកក។
យ៉ាងណាក្ដី នាពេលនេះ មិនមានអ្នកស្លាប់ត្រូវបានរាយការណ៍នៅឡើយទេ ប៉ុន្តែទំហំទឹកជំនន់ពណ៌ត្នោត និងលាយឡំដោយល្បាក់ភក់ដែលហក់ឡើងពេញភូមិ Thame បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយវីដេអូ ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអាជ្ញាធរមូលដ្ឋាន បានបង្ហាញឲ្យឃើញពីទឹកជំនន់ហូរកាត់ភូមិនោះ។
អ្នកនាំពាក្យកងទ័ពនេប៉ាល់ លោក Gaurav Kumar KC បានប្រាប់សារព័ត៌មាន AFP ថា៖ «គ្មានករណីបាត់បង់ជីវិតណាមួយត្រូវបានគេរាយការណ៍ទេ ប៉ុន្តែផ្ទះប្រហែល ១៥ខ្នង ត្រូវបានទឹកហូរនាំទៅ»។ លោកបានបន្ថែមថា ក្រុមជួយសង្គ្រោះ ដែលបាននៅកន្លែងទឹកជំនន់នោះ កំពុងជួយនាំមនុស្សទៅកាន់កន្លែងមានសុវត្ថិភាព។
អ្នកវិទ្យាសាស្ត្រព្រមានថា ដោយសារបម្រែបម្រួលអាកាសធាតុបណ្ដាលឲ្យផ្ទាំងទឹកកតំបន់ភ្នំហិមាល័យរលាយក្នុងអត្រាគួរឲ្យព្រួយបារម្ភ សហគមន៍អាចប្រឈមនឹងគ្រោះមហន្តរាយដែលមិនអាចទាយទុកជាមុនបាន និងធ្ងន់ធ្ងរ។
បឹងទឹកកករាប់រយដែលត្រូវបានបង្កើតឡើងពីការរលាយទឹកកក បានលេចឡើងភ្លាមៗ នៅតំបន់ភ្នំហិមាល័យ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ហើយបឹងចំនួន ២.០៧០បឹង ត្រូវបានចងក្រងជាឯកសារ នៅប្រទេសនេប៉ាល់ ក្នុងការសិក្សាឆ្នាំ២០២០ ដោយ ICIMOD (មជ្ឈមណ្ឌលអន្តរជាតិ សម្រាប់ការអភិវឌ្ឍន៍ភ្នំរួមបញ្ចូលគ្នា)៕