ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃសុក្រ (ទី១៦ ខែសីហា) បាននិយាយថា គ្មានភាគីណាមួយ នៅតំបន់មជ្ឈិមបូព៌ា គួរបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់បទឈប់បាញ់ នៅតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរនោះឡើយ ដែលលោកបានអះអាងថា ឥឡូវនេះ កំពុងជិតសម្រេចបានហើយ ប៉ុន្តែលោកបានព្រមានថា នៅមានបញ្ហាច្រើនណាស់ មុននឹងវាលេចរូបរាង។
លោក Biden បានសរសេរនៅលើបណ្ដាញសង្គមថា៖ «គ្មាននរណាម្នាក់ នៅក្នុងតំបន់ គួរចាត់វិធានការនានា ដើម្បីបំផ្លាញដំណើរការនេះនោះទេ»។
ក្រោយមក លោកបានប្រាប់អ្នកសារព័ត៌មានថា លោកមានសុទិដ្ឋិនិយមអំពីក្ដីសង្ឃឹមពីការមានបទឈប់បាញ់។ លោកបាននិយាយកាលពីយប់ថ្ងៃសុក្រថា៖ «គិតត្រឹមមួយម៉ោងមុន វានៅតែដំណើរការ។ ខ្ញុំមានសុទិដ្ឋិនិយម។ វានៅមានបញ្ហាច្រើនទៀត»។ ដោយមិនបានបញ្ជាក់អ្វីលម្អិតបន្ថែម លោកបានប្រាប់ទៀតថា៖ «វានៅមានបញ្ហាមួយចំនួនទៀត។ ខ្ញុំគិតថា យើងអាចសម្រេចបាន»។
នៅពេលត្រូវបានសួរថា តើកិច្ចព្រមព្រៀងឈប់បាញ់ នឹងចាប់ផ្តើមនៅពេលណា ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ លោក Biden បានឆ្លើយថា «វានៅតែមិនទាន់ប្រាកដប្រជានោះទេ»។
អ៊ីស្រាអែលបានទទូចថា សន្តិភាពនឹងអាចកើតឡើង បានលុះត្រាតែក្រុមអ៊ិស្លាមហាម៉ាសប៉ាឡេស្ទីន ត្រូវបានកម្ចាត់ ខណៈក្រុមហាម៉ាស បាននិយាយថា ខ្លួននឹងទទួលយកតែបទឈប់បាញ់ជាអចិន្ត្រៃយ៍ មិនមែនជាការបណ្ដោះអាសន្ននោះឡើយ។
កិច្ចចរចាបទឈប់បាញ់ នៅទីក្រុងដូហា ប្រទេសកាតា បានផ្អាកកាលពីថ្ងៃសុក្រ ដោយអ្នកចរចានឹងជួបគ្នាម្តងទៀត នៅសប្តាហ៍ក្រោយ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញសំណើថ្មីមួយ។ ទីក្រុងវ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល និយាយថា បទឈប់បាញ់នឹងកាត់បន្ថយការគំរាមកំហែងកើនឡើងនៃការរីករាលសង្រ្គាមរបស់អ៊ីស្រាអែល នៅលើតំបន់ហ្កាហ្សា៕
