ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA នៅថ្ងៃសៅរ៍ (ទី១៧ ខែសីហា) បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៩នាក់ បានបាត់បង់ជីវិត ហើយ ៥នាក់ផ្សេងទៀត បានរងរបួស ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលទៅលើអគារលំនៅឋានមួយ នៅក្នុងទីក្រុង Nabatieh ភាគខាងត្បូងប្រទេសលីបង់។
យោធាអ៊ីស្រាអែលបានប្រាប់ឲ្យដឹងថា ការវាយប្រហារតាមអាកាស បានកំណត់គោលដៅលើឃ្លាំងអាវុធដែលប្រើប្រាស់ដោយពួកសកម្មប្រយុទ្ធហេសបូឡា។
គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើង នៅក្នុងតំបន់ រយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ូក្កែតដែលត្រូវបានចាត់ទុកថា ជាស្នាដៃរបស់ក្រុមហេសបូឡា បានសម្លាប់កុមារ និងក្មេងជំទង់ចំនួន ១២នាក់ នៅក្នុងតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល។ អ៊ីស្រាអែលបានឆ្លើយតបវិញ ដោយការសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា នៅជាយក្រុងបេរូត។
ក្រុមហេសបូឡាបានប្តេជ្ញាសងសឹកអ៊ីស្រាអែល ហើយអ៊ីរ៉ង់ក៏ដូចគ្នា បន្ទាប់ពីប្រធាននយោបាយនៃក្រុមហាម៉ាសប៉ាឡេស្ទីន គឺលោក Ismail Haniyeh ត្រូវបានសម្លាប់នៅទីក្រុងតេអេរ៉ង់៕