ព្យុះទីហ្វុងដែលបានបង្កការខូចខាតធ្ងន់ធ្ងរនៅតំបន់ខ្លះនៃប្រទេសជប៉ុន ជាមួយនឹងកម្លាំងខ្យល់ជាង ២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង បានបក់បោកឆ្ពោះទៅកាន់សមុទ្រហើយ នៅថ្ងៃសៅរ៍ (ទី១៧ ខែសីហា) នេះ ដោយតំបន់ភាគច្រើនរបស់រដ្ឋធានីមិនមានផលប៉ះពាល់នោះទេ ដែលអាចឲ្យរថភ្លើង និងជើងហោះហើរមួយចំនួនដំណើរការឡើងវិញ។
គួរបញ្ជាក់ថា ទីក្រុងតូក្យូ និងតំបន់ជុំវិញរបស់ទីក្រុងនេះ បានប្រកាសអាសន្នកម្រិតខ្ពស់ កាលពីថ្ងៃសុក្រ (ទី១៦ ខែសីហា) ដោយសារការបក់បោកជិតទៅដល់របស់ព្យុះទីហ្វុង Ampil ដោយសេវាកម្មដឹកជញ្ជូន ការធ្វើដំណើរទាំងឡាយ ការរៀបចំព្រឹត្តិការណ៍នានា និងថ្នាក់រៀនជាច្រើន ត្រូវបានផ្អាកទាំងអស់។
ព្យុះនេះកំពុងបក់បោកក្នុងល្បឿន ២១៦គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ នៅពេលដែលវាបានធ្វើដំណើរចេញពីប្រជុំកោះ ហើយឆ្ពោះសំដៅទៅភាគឦសានចូលសមុទ្រប៉ាស៊ីហ្វិក។
ទោះបីជាយ៉ាងនេះក្តី ទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមានថា «តំបន់មួយចំនួននៅភាគខាងជើងនៃប្រទេសជប៉ុន កំពុងជួបប្រទះភ្លៀងធ្លាក់ខ្លាំង ដោយសារតែខ្យល់ក្តៅ និងសើម ដែលបណ្ដាលពីឥទ្ធិពលរបស់ព្យុះទីហ្វុងនេះ»៕

