សារព័ត៌មាន Yomiuri នៅថ្ងៃសៅរ៍ (ទី១៧ ខែសីហា) នេះ បានរាយការណ៍ថា នាយករដ្ឋមន្ត្រីជប៉ុនជិតផុតអាណត្តិ គឺលោក Fumio Kishida កំពុងរៀបចំបញ្ចប់ផែនការទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក នាចុងខែកញ្ញា ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំដែលអាចកើតមានជាមួយប្រធានាធិបតី លោក Joe Biden។
ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលជាច្រើនរូប ដែលមិនត្រូវបានបញ្ចេញឈ្មោះ សេចក្ដីរាយការណ៍នោះ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះអាចប្រព្រឹត្តទៅរយៈពេលជាច្រើនថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ ខែកញ្ញា។
គួរបញ្ជាក់ថា លោក Kishida កាលពីថ្ងៃទី១៤ ខែសីហា បានប្រកាសដកខ្លួនចេញពីការប្រជែងតំណែងជាប្រមុខដឹកនាំ សម្រាប់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច ដោយមានន័យថា លោកនឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី នៅពេលដែលអាណត្តិរបស់លោកជាមេដឹកនាំគណបក្ស នឹងបញ្ចប់នៅចុងខែកញ្ញាខាងមុខនេះ។
កាលបរិច្ឆេទនៃការបោះឆ្នោតរបស់គណបក្ស LDP មិនទាន់កំណត់នៅឡើយទេ។ ហើយបើយោងតាមសារព័ត៌មាន Yomiuri បានឲ្យដឹងថា ដំណើរការនោះអាចមានយ៉ាងយូរបំផុត នៅថ្ងៃទី២០ ខែកញ្ញា ដែលលោក Kishida ទំនងជានឹងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាត បន្ទាប់ពីសភារបស់ប្រទេសជប៉ុន ដែលគណបក្ស LDP មានសំឡេងភាគច្រើន បានជ្រើសរើសអ្នកស្នងតំណែងនាយករដ្ឋមន្ត្រី៕