ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានប្រើប្រាស់គ្រាប់រ៉ូក្កែតរបស់លោកខាងលិច ដែលទំនងជាប្រព័ន្ធរ៉ូក្កែតចល័ត High Mobility Artillery Rocket System (HIMARS) ផលិតដោយសហរដ្ឋអាមេរិក ដើម្បីកម្ទេចស្ពានឆ្លងកាត់ទន្លេ Seym ក្នុងតំបន់ Kursk ដោយការវាយប្រហារនោះបានសម្លាប់អ្នកស្ម័គ្រចិត្តដែលព្យាយាមជួយជម្លៀសជនស៊ីវិល។
កាលពីយប់ថ្ងៃសុក្រ (ទី១៦ ខែសីហា) នៅលើកម្មវិធីផ្ញើសារ Telegram អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់ឲ្យដឹងថា៖ «ជាលើកដំបូង ដែលតំបន់ Kursk ត្រូវបានវាយប្រហារដោយគ្រាប់រ៉ូក្កែតផលិតដោយលោកខាងលិច ដែលប្រហែលជា HIMARS របស់សហរដ្ឋអាមេរិក»។
លោកស្រី Zakharova បានបន្ថែមទៀតថា៖ «ដោយសារការវាយប្រហារលើស្ពានឆ្លងទន្លេ Seym ក្នុងតំបន់ Glushkovo ស្ពាននោះត្រូវបានបំផ្លាញទាំងស្រុង ហើយអ្នកស្ម័គ្រចិត្តដែលកំពុងជួយជម្លៀសជនស៊ីវិលចេញ បានបាត់បង់ជីវិត»។
ម្រមុខកងទ័ពអ៊ុយក្រែន លោក Oleksandr Syrskyi កាលពីថ្ងៃទី១៦ ខែសីហានោះ បាននិយាយថា កងកម្លាំងរបស់ទីក្រុងគីវ កំពុងរុលទៅមុខក្នុងចម្ងាយ ចន្លោះពី ១ ទៅ ៣គីឡូម៉ែត្រ នៅក្នុងតំបន់មួយចំនួន ក្នុងតំបន់ Kursk ពោលគឺមានរយៈពេល ១១ថ្ងៃហើយ ចាប់តាំងពីចាប់ផ្តើមលុកលុយចូលប្រទេសរុស្ស៊ី។ ហើយទីក្រុងគីវ បានអះអាងថា បានគ្រប់គ្រងទីតាំងទីលំនៅចំនួន ៨២កន្លែង លើផ្ទៃដី ១.១៥០គីឡូម៉ែត្រការ៉េ នៅក្នុងតំបន់នោះ ចាប់តាំងពីថ្ងៃទី៦ ខែសីហា។
រុស្ស៊ីបានចោទប្រកាន់លោកខាងលិចថា បានគាំទ្រ និងជំរុញដល់ការវាយលុកលើកដំបូងរបស់អ៊ុយក្រែនលើដែនដីរុស្ស៊ី ហើយបាននិយាយថា «ការលុកលុយពីពួកភេរវករ» របស់ទីក្រុងគីវ នឹងមិនផ្លាស់ប្តូរទិសដៅរបស់សង្រ្គាមនោះទេ៕

