ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសៅរ៍ (ទី១៧ ខែសីហា) នេះ បានប្រារព្ធពិធីបុណ្យឯករាជ្យលើកទី៧៩ របស់ខ្លួន នៅឯទីតាំងនៃរដ្ឋធានីថ្មី Nusantara តាមការគ្រោងទុករបស់ខ្លួន ពោលគឺជាលើកដំបូង នៅក្នុងពិធីដែលត្រូវបានកាត់បន្ថយការរៀបចំខ្លះៗ ខណៈទីក្រុងដែលកំពុងតែស្ថិតក្រោមសាងសង់នេះ ប្រឈមនឹងការពន្យារពេលដោយសារបញ្ហាជាច្រើន។
គម្រោងកេរដំណែលរបស់ប្រធានាធិបតីជិតផុតអាណត្តិ លោក Joko Widodo ទីក្រុង Nusantara ត្រូវបានហ៊ុមព័ទ្ធដោយបញ្ហាជាច្រើន ដូចជាការយឺតយ៉ាវក្នុងការសាងសង់ និងថវិកាមានកម្រិតដោយសារជំងឺរាតត្បាតកូវីដ-១៩ កង្វះការវិនិយោគពីបរទេស និងថ្មីៗនេះ ការលាលែងពីបណ្ដាប្រធានរបស់គម្រោងនេះ។ កាលពីដើមសប្តាហ៍នេះ លោក Jokowi ជាឈ្មោះក្រៅរបស់ប្រធានាធិបតីដែលត្រូវបានគេស្គាល់ជាទូទៅ បាននិយាយថា ចំនួនអ្នកចូលរួមពិធី នាថ្ងៃសៅរ៍នេះ ត្រូវបានកាត់បន្ថយមកត្រឹម ១.៣០០នាក់ ដោយបន្ថយពីចំនួនដំបូង ៨.០០០នាក់ ដោយសារកន្លែងស្នាក់នៅ និងការផ្គត់ផ្គង់អាហារ មានកំណត់។
លោក Jokowi បានប្រឹងប្រែងជួយពង្រឹងដល់ទំនុកចិត្ត ជុំវីញគម្រោងដ៏មហិមានេះ ដែលមានទំហំទឹកប្រាក់ ៣២ពាន់លានដុល្លារ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបានបើកការដ្ឋានសាងសង់សណ្ឋាគារ និងអគារការិយាល័យ និងរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង នៅក្នុងវិមានរដ្ឋាភិបាលថ្មី ប៉ុន្តែលោកក៏បានលើកឡើងផងដែរថា ផែនការផ្លាស់មន្ត្រីរាជការរាប់ពាន់នាក់ ទៅកាន់ទីក្រុង Nusantara អាចត្រូវបានពន្យារពេល អាស្រ័យលើការត្រៀមខ្លួនរបស់រដ្ឋធានីនេះ បន្ទាប់ពីនៅមុននេះ បានចេញបញ្ជាឲ្យពួកគេបញ្ចប់ការងារ ហើយផ្លាស់ទៅក្នុងខែកញ្ញា។
ប្រធានាធិបតីជិតចូលកាន់តំណែង គឺលោក Prabowo Subianto ដែលបានចូលរួមក្នុងពិធីថ្ងៃសៅរ៍នេះផងដែរនោះ បានសន្យាថា នឹងបន្តដំណើរការគម្រោងរដ្ឋធានីថ្មី Nusantara នេះ៕

