បាល់ទាត់៖ ក្រុមភ្នំពេញក្រោនបានបន្ថែម ៣ពិន្ទុពេញក្នុងជំនួបបញ្ចប់ជុំទី១ នៃលីគកំពូលកម្ពុជាឆ្នាំ២០២១ របស់ខ្លួន បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ២-០ ដើម្បីរក្សាកំណត់ត្រាមិនស្គាល់ចាញ់នៅកីឡដ្ឋាន SRU ខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី១២ ខែកញ្ញាម្សិលមិញ។

ជំនួបដ៏ជក់ចិត្តនេះ វគ្គទី១ ក្រុមទាំងពីរមិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ប៉ុន្ដែចូលវគ្គទី២ បន្ទាប់ពីលេងបានជិត ១០នាទី ក្រុមសិង្ហក្រហមភ្នំពេញក្រោនក៏បានបើកការនាំមុខ ១គ្រាប់មុនដោយធ្វើសម្រេចកីឡាករ យ៉ើ ម៉ូស្លីម នៅនាទី៥៤។ បន្ទាប់មកក្រុមទាំងពីរបានបន្ដការវាយសម្រុកគ្នាកាន់តែខ្លាំង តែក្រុមរហស្សនាមខ្លាទឹកក្រូចអង្គរថាយហ្គឺរមិនរកគ្រាប់បាល់បានឡើយ ផ្ទុយទៅវិញត្រូវបានក្រុមភ្ញៀវភ្នំពេញក្រោនបន្ថែម ១គ្រាប់ទៀតនៅនាទី៩០+២ ដោយកីឡាករ Mateus Suza E Silva មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។
ជ័យជម្នះនេះបានធ្វើឲ្យអតីតក្រុមជើងឯក ៦សម័យភ្នំពេញក្រោនរក្សាកៅអីលេខ២ ក្នុងជុំទី១ និងមាន ២៨ពិន្ទុស្មើក្រុមកំពូលតារាងវិសាខាដែលបានយកឈ្នះក្រុមបឹងកេត ៥-១ បន្ទាប់ពីឆ្លងកាត់ ១២ប្រកួតឈ្នះ៨ និងស្មើ៤ មិនចាញ់សោះដូចគ្នា។ រីឯក្រុមអង្គរថាយហ្គឺរបានធ្លាក់មកឈរលេខ៦ ដោយរក្សា ២១ពិន្ទុក្នុងដៃក្រោយបញ្ចប់ការប្រកួត ១២លើកក្នុងជុំទី១ ឈ្នះ៦ ស្មើ៣ និងចាញ់ ៣ប្រកួត៕
អត្ថបទ៖ លី ឈុនឡា