ក្នុងចំណោមអ្នកទោស និងឧក្រិដ្ឋជនដែលត្រូវបានផ្ដន្ទាទោសជាង ៥០.០០០នាក់ ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ដើម្បីអបអរសាទរថ្ងៃចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ដោយការផ្សព្វផ្សាយនេះមិនបានបង្ហាញថា តើខ្លួនទទួលបានព័ត៌មាននោះពីណាមកទេ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រនេះ នឹងដោះលែងលោក ថាក់ស៊ីន ភ្លាមៗ ពីការជាប់ទោសដែលត្រូវបានកាត់បន្ថយរយៈពេល ជុំវិញសំណុំរឿងពុករលួយ។ លោក ថាក់ស៊ីន បច្ចុប្បន្ន កំពុងស្ថិតនៅក្នុងដំណើរការដោះលែងដោយមានលក្ខខណ្ឌ បន្ទាប់ពីការដាក់ទោសលើរូបលោក ត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយមកនៅត្រឹម ១ឆ្នាំ ដោយបន្ថយពីរយៈពេល ៨ឆ្នាំ កាលពីជិត ១ឆ្នាំមុន។ រូបលោកទទួលបានការដោះលែងនៅក្រៅពន្ធនាគារ នៅដើមឆ្នាំ២០២៤ នេះ ហើយត្រូវមានសេរីភាព នៅថ្ងៃទី៣១ ខែសីហា។
យោងតាមសេចក្តីថ្លែងការណ៍ នៅលើគេហទំព័រ Royal Gazette នាថ្ងៃទី១៧ ខែសីហានេះ បានឲ្យដឹងថា ព្រះមហាក្សត្របានប្រោសប្រទានការលើកលែងទោសដល់អ្នកទោស អ្នកជាប់ឃុំឃាំង និងអ្នកដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដើម្បីផ្តល់ឱកាសថ្មីដល់ពួកគេ ក្នុងការរួមចំណែកដល់សង្គម។ ហើយបើតាមសារព័ត៌មាន Matichon បានឲ្យដឹងថា លោក ថាក់ស៊ីន ស្ថិតនៅក្នុងចំណោមអ្នកនៅក្រៅឃុំ ៧.៥០០នាក់ ដែលត្រូវបានទទួលការលើកលែងទោស។
គួរបញ្ជាក់ដែរថា ដំណឹងនេះ បានកើតមានឡើងបន្ទាប់កូនស្រីពៅរបស់លោក គឺលោកស្រី Paetongtarn Shinawatra កាលពីថ្ងៃទី១៦ ខែសីហា បានឈ្នះការបោះឆ្នោតសភា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។
លោកស្រី Paetongtarn ត្រូវបានជ្រើសរើសឲ្យធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ពីតុលាការធម្មនុញ្ញរបស់ប្រទេសនេះ បានសម្រេចបញ្ចប់តំណែងរបស់លោក Srettha Thavisin ដែលជាសមាជិកគណបក្សភឿថៃដូចគ្នា ក្នុងសំណុំរឿងបំពានក្រមសីលធម៌៕