ទីភ្នាក់ងារការពារជនស៊ីវិលរបស់តំបន់ហ្កាហ្សា បានប្រាប់ឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នាព្រឹកព្រលឹមថ្ងៃសៅរ៍ (ទី១៧ ខែសីហា) នេះ បានសម្លាប់មនុស្ស ១៥នាក់ មកពីគ្រួសារប៉ាឡេស្ទីន ក្នុងនោះមានទាំងកុមារ ៩នាក់ និងស្ត្រី ៣នាក់ផងដែរ។
អ្នកនាំពាក្យការពារជនស៊ីវិល លោក Mahmud Bassal បានប្រាប់សារព័ត៌មាន AFP ថា ការវាយប្រហារនេះ បានធ្លាក់ចំលំនៅឋានរបស់គ្រួសារ Ajlah ក្នុងតំបន់ Al-Zawaida នៃភាគកណ្តាលហ្កាហ្សា។ ពាក់ព័ន្ធនឹងការលើកឡើងនេះ យោធាអ៊ីស្រាអែលមិនបានផ្តល់ការអធិប្បាយអ្វីភ្លាមៗនៅឡើយទេ។
លោក Bassal បានប្រាប់ថា៖ «ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើលំនៅឋានរបស់គ្រួសារ Ajlah និងឃ្លាំងរបស់ពួកគេ នៅតំបន់ Al-Zawaida គឺ ១៥នាក់»។ លោក Bassal បានផ្តល់បញ្ជីឈ្មោះអ្នកដែលត្រូវបានសម្លាប់ ក្នុងនោះមានទាំងកុមារ ៩នាក់ និងស្ត្រី ៣នាក់ផងដែរ។
សាក្សីម្នាក់បាននិយាយថា ការវាយប្រហារនោះ បានកើតឡើងភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ៕