រមណីយដ្ឋាន កៀនស្វាយក្រៅ ស្ថិតនៅ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅតែពេញនិយមសម្រាប់ទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមូលដ្ឋាន ដោយសារតែរមណីយដ្ឋាននេះ មានទេសភាពស្រស់ស្អាត បរិយាកាសល្អ មានទីលម្ហែច្រើន ពិសេសមានផ្សារ ម្ហូបអាហារតាមបែបប្រពៃណី ដែលមានគ្រប់រសជាតិ ជាទីគាប់ចិត្តរបស់ប្រជាពលរដ្ឋ និងទេសចរ ពិសេសប្រជាពលរដ្ឋមកពី រាជធានី ភ្នំពេញ។
លោក សួស សាម៉ុន ជំទប់ទី១ ឃុំភូមិធំ បញ្ជាក់ ថា នៅរមណីយដ្ឋាននេះ ចាប់តាំងពីថ្ងៃកកើតមកពុំដែលដាច់ភ្ញៀវម្តងណាទេ ជាពិសេស ថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យផ្សេងៗ ប្រជាពលរដ្ឋ មន្រ្តី រាជការ សម្រាក ពីការងារ គឺមកសម្រាក កម្សាន្ដនៅរមណីយដ្ឋាននេះជាប្រចាំ ព្រោះមាន ម្ហូបអាហារ ធម្មជាតិ បែបប្រពៃណី យ៉ាងឆ្ងាញ់ពិសា។
ចំណែក ក្រុមអាជីវករ ប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរ បានសម្តែងការពេញចិត្ត និងសប្បាយរីករាយ ដែលរាជរដ្ឋភិបាល ក៏ដូចម្ចាស់ផ្សារ ដែលបានបង្កើត រមណីយដ្ឋាន និងផ្សារនេះឡើង ព្រោះបានមកកម្សាន្ត ហើយបានលក់ដូរដាច់ជាប្រចាំ។
សូមបញ្ជាក់ថា រមណីយដ្ឋាន កៀន ស្វាយក្រៅមិនមែនទើបតែកើតមានថ្មីៗនេះនោះទេ គឺបានកើតឡើងតាំងពីអំឡុង ទសវត្សរ៍ ឆ្នាំ១៩៥០ មកម៉្លះ និងមានការពេញនិយមរហូតដលបច្ចុប្បន្ន ។ រមណីយដ្ឋាននេះ មានចម្ងាយប្រមាណ ១០គ.ម ពីស្ពានព្រះមុន្នី វង្សច្បារអំពៅ រាជធានី ភ្នំពេញ តាមបណ្ដាញផ្លូវជាតិ១៕