ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានប្រើប្រាស់គ្រាប់រ៉ូកែតរបស់លោកខាងលិច ដែលទំនងជា HIMARS ផលិតដោយសហរដ្ឋអាមេរិក ដើម្បីបំផ្លាញស្ពានឆ្លងកាត់ទន្លេ Seym ក្នុងតំបន់ ឃើស (Kursk) ដោយបានសម្លាប់អ្នកស្ម័គ្រចិត្តមួយចំនួន ដែលព្យាយាមជម្លៀសជនស៊ីវិល។
លោកស្រីម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីល្ងាចថ្ងៃសុក្រតាម Telegram ថានេះជាលើកដំបូង ដែលតំបន់ឃើសត្រូវបានវាយប្រហារដោយគ្រាប់រ៉ូកែតផលិតដោយលោកខាងលិច ប្រហែលជា HIMARS របស់អាមេរិក។
កងកម្លាំងអ៊ុយក្រែន បានវាយប្រហារស្ពាននេះក្នុងស្រុកក្លាស្កូវស្គី (Glushkovsky)ក្នុងតំបន់ឃើសកាលពីថ្ងៃសុក្រ ខណៈពួកគេបានវាយរុលទៅមុខចូលជ្រៅបន្ថែមទៀតទៅក្នុងទឹកដីភាគខាងលិចរបស់រុស្ស៊ី។
ទីក្រុងគីវ បានអះអាងពីការគ្រប់គ្រងភូមិចំនួន៨២ លើផ្ទៃដី ១.១៥០ គីឡូម៉ែត្រក្រឡា ក្នុងតំបន់នេះចាប់តាំងពីថ្ងៃទី៦សីហាមក៕

