កងឆ្មាំល្បាតឆ្នេរចិនបាននិយាយថា នាវាហ្វីលីពីន ដែលមិនអើពើនឹងការព្រមានម្តងហើយម្តងទៀតរបស់ចិន «បានបើកបុកដោយចេតនា» ជាមួយនាវាចិនក្នុងដែនទឹកនៅសមុទ្រចិនខាងត្បូងដោយ «គ្មានវិជ្ជាជីវៈ និងគ្រោះថ្នាក់បំផុត» នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទ (១៩ សីហា) នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ សន្តិសុខដែនសមុទ្ររបស់ប្រទេសចិន បាននិយាយថា បន្ទាប់មកនាវាហ្វីលីពីនដដែលនោះ បានចូលដែនទឹកនៅជិតដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) បន្ទាប់ពីត្រូវបានរារាំងមិនឱ្យចូលទៅក្នុងដែនទឹក សាប៊ីណា ស្ហូល (Sabina Shoal)។

អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរចិន លោក កាន់ អ៊ី (Gan Yu) បានលើកឡើងថា នាវាឆ្មាំល្បាតឆ្នេរហ្វីលីពីន ចំនួនពីរគ្រឿង «បានរំលោភបំពានដោយខុសច្បាប់» ចូលទៅក្នុងទឹកដែលនៅជាប់នឹងថ្មប៉ប្រះទឹក សាប៊ីណា ស្ហូល ដោយគ្មានការអនុញ្ញាតនៅព្រឹកព្រលឹមថ្ងៃចន្ទនេះ។

ឆ្មាំល្បាតឆ្នេរចិនបន្ថែមថា ខ្លួនបានចាត់វិធានការការពារលើនាវាហ្វីលីពីនដោយអនុលោមតាមច្បាប់នៅក្នុងឧប្បត្តិហេតុនៅព្រឹកថ្ងៃចន្ទនេះ ហើយបានព្រមានហ្វីលីពីនឱ្យ «បញ្ឈប់ជាបន្ទាន់នូវការរំលោភបំពាន និងការបង្កហេតុ» បើមិនដូច្នេះទេនឹង «ទទួលរងនូវផលវិបាក» ដែលខ្លួនបានធ្វើ។
ចិន និងហ្វីលីពីន បានឈានដល់ «កិច្ចព្រមព្រៀងបណ្ដោះអាសន្ន» មួយក្នុងខែកក្កដា បន្ទាប់ពីមានជម្លោះម្តងហើយម្តងទៀតនៅជិតដែនទឹក សេខិន ថូម៉ាស ស្ហូល ប៉ុន្តែការប៉ះទង្គិចហាក់នៅតែបន្ត។ ទីក្រុងប៉េកាំង បានទាមទារស្ទើរតែទាំងអស់លើផ្នែកនៃសមុទ្រចិនខាងត្បូង ដោយបានច្រានចោលសេចក្តីសម្រេចឆ្នាំ២០១៦ ដោយតុលាការមជ្ឈត្តកម្មចិន្ត្រៃយ៍នៅទីក្រុងឡាអេ ដែលថាការទាមទារដ៏ទូលំទូលាយរបស់ទីក្រុងប៉េកាំង មិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិ៕