រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បានទៅដល់ទីក្រុង តែលអាវីវ (Tel Aviv) កាលពីថ្ងៃអាទិត្យ (១៨ សីហា) ក្នុងដំណើរទស្សនកិច្ចមជ្ឈិមបូព៌ាមួយផ្សេងទៀត ដើម្បីជំរុញឱ្យមានបទឈប់បាញ់នៅតំបន់សង្រ្គាម ហ្កាហ្សា ខណៈក្រុមហាម៉ាស និងអ៊ីស្រាអែល បន្តចោទដាក់គ្នាថាបានធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក។

ក្រុមហាម៉ាស និងអ៊ីស្រាអែល បានបន្ទោសគ្នាទៅវិញទៅមកចំពោះការរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសម្រុះសម្រួលកាតា អាមេរិក និងអេហ្ស៊ីប ដែលរហូតមកដល់ពេលនេះបានបរាជ័យក្នុងការបិទគម្លាតនៃភាពខ្វែងគំនិតគ្នាដើម្បីឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងរយៈពេលជាច្រើនខែនៃការចរចា ខណៈអំពើហិង្សា និងការប្រយុទ្ធនៅតែបន្តកើតមាននៅក្នុងតំបន់ហ្កាហ្សា។

នៅក្នុងដំណើរទស្សនកិច្ចលើកទីប្រាំបួនរបស់ខ្លួនទៅកាន់តំបន់នេះចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅក្នុងខែតុលាមក លោក Blinken នៅថ្ងៃចន្ទ (១៩ សីហា) នេះនឹងជួបជាមួយថ្នាក់ដឹកនាំអ៊ីស្រាអែលជាន់ខ្ពស់រួមទាំងលោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ផងដែរ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក ហើយបន្ទាប់ពីអ៊ីស្រាអែល លោក Blinken នឹងបន្តទៅកាន់អេហ្ស៊ីប។

កិច្ចពិភាក្សាឆ្ពោះទៅរកបទឈប់បាញ់ គ្រោងនឹងបន្តនៅសប្តាហ៍នេះនៅទីក្រុងគែរ បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងដូហា កាលពីសប្តាហ៍មុន។ លោក Blinken នឹងព្យាយាមធានាបាននូវរបកគំហើញមួយ បន្ទាប់ពីអាមេរិក បានដាក់សំណើបទឈប់បាញ់ដែលបណ្ដាប្រទេសសម្របសម្រួលជឿថានឹងបិទគម្លាតរវាងភាគីជម្លោះ៕