មេបញ្ជាការអ៊ុយក្រែន លោក មីកូឡា អូឡេសឈុក (Mykola Oleshchuk) បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងទ័ពអាកាសអ៊ុយក្រែនបានបំផ្លាញស្ពានយុទ្ធសាស្ត្រមួយទៀតឆ្លងកាត់ទន្លេស៊ីម(Seym)ក្នុងតំបន់ ឃើស (Kursk) របស់រុស្ស៊ី ដោយកម្រិតសមត្ថភាពផ្គត់ផ្គង់របស់កងទ័ពរុស្ស៊ីដែលប្រឆាំងនឹងការវាយរុលទៅមុខរបស់អ៊ុយក្រែន។

ទីក្រុង Kyiv បាននិយាយថា ខ្លួនដណ្ដើមយកបានភូមិជាង៨០ លើផ្ទៃដី ១.១៥០ គីឡូម៉ែត្រក្រឡានៅក្នុងតំបន់ ឃើស ចាប់តាំងពីការចាប់ផ្តើមការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយឆ្លងព្រំដែនកាលពីថ្ងៃទី ៦ ខែសីហា ដែលជាការវាយប្រហារដ៏ធំបំផុតក្នុងទឹកដីរបស់រុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានប្រើប្រាស់គ្រាប់រ៉ូកែតរបស់លោកខាងលិច ដែលទំនងជា HIMARS ផលិតដោយសហរដ្ឋអាមេរិក ដើម្បីបំផ្លាញស្ពានឆ្លងកាត់ទន្លេ Seym ក្នុងតំបន់ ឃើស (Kursk) ដោយបានសម្លាប់អ្នកស្ម័គ្រចិត្តមួយចំនួន ដែលព្យាយាមជម្លៀសជនស៊ីវិល។
មេបញ្ជាការរូបនោះ បានបង្ហោះវីដេអូដែលបង្ហាញពីផ្សែងហុយឡើងចេញពីការផ្ទុះនៅលើស្ពាន ហើយផ្នែកមួយរបស់ស្ពាននេះត្រូវបំផ្លាញ។ សារព័ត៌មាន Reuters មិនអាចបញ្ជាក់ដោយឯករាជ្យពីការបំផ្លិចបំផ្លាញស្ពាន ឬស្ថានភាពនៅសមរភូមិ តំបន់ឃើស បានទេ៕