អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយកាលពីថ្ងៃអាទិត្យ (១៨ សីហា) ថា ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់ភ្នំអាល់ នៃប្រទេសអូទ្រីស និងធ្វើឱ្យផ្នែកខ្លះនៃទីក្រុងវីយែន ត្រូវជន់លិចកាលពីចុងសប្តាហ៍ ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងផ្នែកខ្លះនៃប្រទេស និងរំខានដល់ការដឹកជញ្ជូនផ្លូវថ្នល់ និងផ្លូវដែក។

ចរន្តទឹកដែលមានល្បឿនដ៏លឿនបានបង្កការខូចខាតជាច្រើននៅភាគខាងលិចប្រទេសអូទ្រីស កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ ទូរទស្សន៍រដ្ឋ ORF បាននិយាយថា ទន្ទឹមនឹងនោះ ភ្លៀងធ្លាក់ខ្លាំងក៏បានវាយប្រហារផ្នែកខ្លះនៃទីក្រុងវីយែន ភាគខាងកើតនៃប្រទេសកាលពីថ្ងៃសៅរ៍ផងដែរ។

សេវាអគ្គិភ័យនៅក្នុងរដ្ឋធានី ទទួលបានការហៅទូរសព្ទប្រតិបត្តិការច្រើនជាង ៤៥០ដងកាលពីថ្ងៃសៅរ៍ ខណៈដែលភ្លៀងធ្លាក់បានបង្កឱ្យមានការកកស្ទះចរាចរណ៍ និងរំខានដល់ការដឹកជញ្ជូនផ្លូវដែក ដោយយ៉ាងហោចណាស់មនុស្សម្នាក់ត្រូវបានគេរាយការណ៍ថាបានរងរបួស នេះបើយោងតាមទូរទស្សន៍ ORF។
នៅក្នុងតំបន់ ឌើបប្លីង (Doebling) ភាគខាងជើងនៃទីក្រុងវីយែន ក្រុមមន្ត្រីបានកត់ត្រាទឹកភ្លៀងធ្លាក់កម្រិត ១១០លីត្រក្នុងមួយម៉ែត្រក្រឡា ដែលអ្នកជំនាញឧតុនិយមអូទ្រីសបាននិយាយថា នោះគឺជាកម្រិតទឹកភ្លៀងធ្លាក់ប្រចាំខែសីហា ច្រើនបំផុតមិនធ្លាប់មានក្នុងកំណត់ត្រានៅទីក្រុងដែលរងផលប៉ះពាល់មួយនេះ៕