បាល់ទាត់៖ ការចាប់ឆ្នោតការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 នឹងធ្វើឡើងនាថ្ងៃទី២១ ខែកញ្ញាខាងមុខនេះហើយ ស្របពេលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានដាក់ពាក្យស្នើដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះរួចរាល់កាលពីថ្មីៗ។

បន្ទាប់ពីការពន្យារពេលម្ដងជាពីរដងដោយសារជំងឺរាតត្បាលកូវីដ-១៩ ដំបូងឡើយការចាប់ឆ្នោតប្រកួតពានប្រចាំតំបន់នេះគ្រោងធ្វើឡើងកាលពីថ្ងៃទី១០ ខែសីហាកន្លងទៅនៅសិង្ហបុរី ប៉ុន្ដែដោយសារការរឹតបន្ដឹងនូវវិធានការការពារជំងឺកូវីដក្នុងប្រទេសនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ក៏សម្រេចពន្យារពេលរហូតដល់ថ្ងៃទី១២ ខែកញ្ញាម្សិលមិញ ទើបសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជូនដំណឹងពីកាលបរិច្ឆេទថ្មី នៃការចាប់ឆ្នោតដែលនឹងធ្វើឡើងនាថ្ងៃទី២១ ខែកញ្ញាខាងមុខ។ ទន្ទឹមជាមួយគ្នា មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានបង្ហើបឲ្យដឹងដែលថា ពេលនេះសហព័ន្ធបានដាក់ពាក្យស្នើដេញថ្លៃធ្វើម្ចាស់ផ្ទះពានរង្វាន់ AFF Suzuki Cup 2020 រួចរាល់ជាង ១សប្ដាហ៍មកហើយ បន្ទាប់ពីគណៈកម្មការចំពោះកិច្ចសហព័ន្ធបានចុះពិនិត្យ និងធ្វើរបាយការណ៍ជុំវិញហេដ្ឋានរចនាសម្ព័ន្ធកីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយទទួលបានភ្លើងខៀវពីសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ CAMSOC ក្នុងការអនុញ្ញាតឲ្យសហព័ន្ធរៀបចំការប្រកួតក្នុងសមិទ្ធផលថ្មីជាប្រវត្តិសាស្ដ្រនេះ។
គួរដឹងថា បេក្ខភាពដែលមានបំណងដេញថ្លៃប្រជែងធ្វើម្ចាស់ផ្ទះបាល់ទាត់ជើងឯកអាស៊ាននេះ មិនមែនមានតែកម្ពុជាមួយនោះទេគឺមាន ៣ប្រទេសផ្សេងទៀតសុទ្ធតែមានបំណងចង់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ AFF Suzuki Cup 2020 រួមមានសិង្ហបុរី ថៃ និងឥណ្ឌូនេស៊ីជាដើម។ នេះបើតាមការបង្ហើបឲ្យដឹងរបស់ឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍កាលពីថ្មីៗ។ តាមការបញ្ជាក់របស់ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា គោលបំណងនៃការចង់ចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ ២ឆ្នាំម្ដង ដោយស្នើរៀបចំការប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោនេះ គឺដើម្បីអបអរសាទរ និងផ្សព្វផ្សាយនូវសមិទ្ធផលនៃសំណង់ប្រវត្តិសាស្ដ្រដ៏មហាសាលនេះ ក៏ដូចជាការសាកល្បង និងពង្រឹងសមត្ថភាពកីឡាករសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕
អត្ថបទ៖ លី ឈុនឡា