ទីភ្នាក់ងារព័ត៌មាន BelTA បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីរបស់ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា ប្រទេសបេឡារុស បានដាក់ពង្រាយកងទ័ពចំនួនមួយភាគបី នៅតាមបណ្តោយព្រំដែនជាមួយប្រទេសអ៊ុយក្រែន។

លោក Lukashenko បាននិយាយថា អ៊ុយក្រែនបានដាក់មូលដ្ឋានកងទ័ពជាង ១២០.០០០នាក់ នៅព្រំដែនរបស់ខ្លួនជាមួយប្រទេសបេឡារុស ហើយយានដ្រូនរបស់អ៊ុយក្រែន តែងតែបំពានព្រំដែនជាមួយប្រទេសបេឡារុស។

ប្រធានាធិបតីបេឡារុស បានកត់សម្គាល់ផងដែរថា ព្រំដែនប្រទេសបេឡារុស- អ៊ុយក្រែន ត្រូវបានដាក់គ្រាប់មីនយ៉ាងច្រើន «មិនធ្លាប់មានពីមុនមក»។

ប្រទេសបេឡារុស បានពង្រឹងព្រំដែនរបស់ខ្លួនជាមួយប្រទេសអ៊ុយក្រែន កាលពីសប្តាហ៍មុន ដោយចោទប្រកាន់អ៊ុយក្រែនថា បានរំលោភលើដែនអាកាសរបស់ខ្លួន ក្នុងអំឡុងពេលការវាយលុកដោយយោធា ចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី។