ក្រុមពន្លត់អគ្គិភ័យព័រទុយហ្គាល់ រាប់រយនាក់កាលពីថ្ងៃអាទិត្យ (១៨ សីហា) បានបន្តកិច្ចប្រឹងប្រែងពន្លត់ចំហេះព្រៃដែលឆាបឆេះនៅផ្នែកខ្លះនៃកោះអាត្លង់ទិកក្នុងឆ្នេរសមុទ្រភាគខាងត្បូងរបស់កោះ ម៉ាដៃរ៉ា (Madeira) ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ខណៈខ្យល់បក់បោកខ្លាំងបានបង្កភាពស្មុគស្មាញដល់ប្រតិបត្តិការទប់ទល់នឹងចំហេះដ៏សន្ធោរសន្ធៅនេះ។

អាជ្ញាធរកោះបាននិយាយថា ចំហេះព្រៃដែលបានចាប់ផ្តើមកាលពីថ្ងៃពុធ សប្ដាហ៍មុន ក្នុងតំបន់ជនបទដាច់ស្រយាល រីបៃរ៉ា ប្រាវ៉ា (Ribeira Brava) បានរាលដាលដល់ក្រុងជិតខាង ខាម៉ារ៉ា ដឺ ឡូបោះ (Camara de Lobos) ហើយឥឡូវនេះមានចំហេះធំៗចំនួនបីកន្លែង។

អ្នកពន្លត់អគ្គិភ័យជិត ២០០នាក់ ដែលគាំទ្រដោយរថយន្ត ៣៨គ្រឿង កំពុងជួយដល់ប្រតិបត្តិការពន្លត់អណ្ដាតភ្លើង ប៉ុន្តែសីតុណ្ហភាពខ្ពស់ សំណើមទាប និងខ្យល់បក់ខ្លាំង កំពុងធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងនេះ។

ប្រមុខរដ្ឋាភិបាលក្នុងតំបន់ Madeira លោក មីហ្គែល អាល់ប៊ូគែលគឺ (Miguel Albuquerque) បានប្រាប់អ្នកយកព័ត៌មានថា មិនមានអ្នករងរបួស ឬអ្នកស្លាប់ទេ ប៉ុន្តែមនុស្ស ១៦០នាក់ត្រូវបានជម្លៀសពីតំបន់នោះជាវិធានការប្រុងប្រយ័ត្ន។
តំបន់ឆ្នេរទាំងមូលនៃកោះ Madeira ដែលជាតំបន់ស្វយ័តរបស់ព័រទុយហ្គាល់មានប្រជាជនរស់នៅប្រហែល ២៥០.០០០នាក់ ត្រូវបានដាក់ក្នុងការប្រុងប្រយ័ត្នកម្រិតពណ៌លឿងទុំ ដែលជាកម្រិតខ្ពស់បំផុតទីពីររហូតដល់ថ្ងៃចន្ទ (១៩ សីហា) នេះដោយសារសីតុណ្ហភាពខ្ពស់បានជំរុញហានិភ័យនៃចំហេះបន្ថែមទៀត៕