ក្រុមយុវជនដែលរៀនជំនាញខុសៗគ្នា បាននិយាយស្រដៀងគ្នាថា សព្វថ្ងៃនេះឱកាសការងារមិនពិបាករកធ្វើទេ ប៉ុន្តែសំខាន់ចំពោះមុខ គឺការពង្រឹងសមត្ថភាព និងបង្កើតជំនាញមួយក្នុងជីវិត ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។
យុវជន សុន វិស្សា មកពីខេត្តព្រះវិហារ បច្ចុប្បន្នជានិស្សិតឆ្នាំទី១ ជំនាញផ្នែកគណនេយ្យនៅសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា (AUB) នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បានលើកឡើង សម្រាប់ការយល់ឃើញអំពីឱកាសការងារទីផ្សារនៅប្រទេសកម្ពុជា គឺអត់ពិបាករកទេ ដោយសារបច្ចុប្បន្នការផ្សព្វផ្សាយទាក់ទងការងារមានភាពធំទូលាយ ថែមទាំងមានការតាំងពិព័រណ៍ការងារផ្សេងៗជាច្រើន ក៏ដូចជាទីកន្លែងធ្វើការជាច្រើនថែមទៀត ធ្វើការប្រកាសជ្រើសរើសកម្លាំងពលកម្មមានភាពទូលំទូលាយជាងមុនផងដែរ។
យុវជនរូបនេះ បានបន្តទៀតថា ចំពោះការផ្សព្វផ្សាយឱកាសការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាល់ថ្ងៃនេះ ក៏មានភាពល្អប្រសើរច្រើន ដោយនាំយកឱកាសការងារល្អៗ ពីក្រុមហ៊ុនធំៗលើគ្រប់វិស័យ។ បន្ថែមពីនេះទៀត ក្រៅពីឱកាសការងារ ក្រសួងក៏មានការផ្គូរផ្គង និងផ្តល់យោបល់ល្អៗពីការត្រៀមខ្លួនមុនចូលទីផ្សារការងារទៀតផង។
ពាក់ព័ន្ធឱកាសទីផ្សារការងារនេះដែរ ក្រុមយុវជនមកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានឲ្យ ប៊ីធីវី ដឹងដែរថា ពីមុនការងារពិតជាពិបាករកធ្វើមែន ដោយសារការទទួលបានព័ត៌មានមានកម្រិត ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ទីផ្សារការងារកាន់តែធំទូលាយ តាមរយៈការផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចជាកម្មវិធីពិព័រណ៍ការងារ , តាមរយៈមជ្ឈមណ្ឌលការងារចល័ត និងការផ្សព្វផ្សាយតាមបណ្តាញសង្គមជាដើម ក្រៅពីការប្រកាសជ្រើសរើសបុគ្គលិកពីក្រុមហ៊ុន សហគ្រាសនានា។
សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៦ ដល់១៨ ខែសីហា ឆ្នាំ២០២៤ បានរៀបចំកម្មវិធី "ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព" នៅផ្សារទំនើបអ៊ីអន ម៉ល សែនសុខ (អ៊ីអន២) ដោយមានក្រុមហ៊ុនធំៗចំនួន២០ ចូលរួមតាំងបង្ហាញឱកាសការងារសម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារចំនួនជាង ៥ពាន់កន្លែង៕ អត្ថបទ ឈិត បូរ៉ាវី








