លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) វ័យ៣៧ឆ្នាំបានស្បថចូលកាន់តំណែងកាលពីថ្ងៃអាទិត្យ ដែលបានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃ។

ព្រះមហាក្សត្ររបស់ប្រទេសថៃ ទ្រង់បានរាជាអនុម័ត តែងតាំងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ ពីរថ្ងៃបន្ទាប់ពីសភាបានជ្រើសរើសលោកស្រី។

លោកស្រីបានគ្រប់គ្រងតំណែងកំពូលនេះត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី មកពីគណបក្សភឿថៃ តែមួយ គឺ លោក Srettha Thavisin ត្រូវបានតុលាការធម្មនុញ្ញបណ្ដេញចេញពីតំណែងជានាយករដ្ឋមន្ត្រី ។
ការគាំទ្រលោកស្រីជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ ដោយព្រះមហាក្សត្រ Maha Vajiralongkorn ក្នុងពិធីមួយ ត្រូវបានអានដោយលេខាធិការសភាតំណាងរាស្រ្ត លោក អាផាត ស៊ូខាណាន(Apat Sukhanan) នៅទីក្រុងបាងកក។
លោកស្រីនិយាយថា ខ្ញុំសន្យាថានឹងបម្រើមនុស្សគ្រប់រូបដោយស្មើភាព និងអស់ពីចិត្ត គ្រប់វ័យ គ្រប់ភេទ ។ យើងរួមគ្នា ប្រែក្លាយបញ្ហាប្រឈមណាមួយឱ្យទៅជាឱកាស ធ្វើឱ្យប្រទេសថៃក្លាយជាកន្លែងដែលមនុស្សគ្រប់គ្នាអាចស្រមៃ បង្កើត និងរៀបចំអនាគតរបស់ពួកគេ៕