វាយកូនបាល់៖ កីឡាកររុស្ស៊ី Daniil Medvedev បានឈ្នះជើងឯក Grand Slam លើកដំបូងក្នុងអាជីពក្រោយពីយកឈ្នះកីឡាករស៊ែប Novak Djokovic នៅវគ្គផ្តាច់ព្រ័ត្រ។ កីឡាករលំដាប់លេខ២ វ័យ ២៥ឆ្នាំរូបនេះបានរងបរាជ័យវគ្គផ្តាច់ព្រ័ត្រ Grand Slam ពីរលើករួចមកហើយ តែលើកនេះគឺជាការជំនះបានដោយជោគជ័យជាមួយនឹងជ័យជំនះ ៣សិតផ្ទួនៗ ៦-៤, ៦-៤ និង ៦-៤។

ជ័យជំនះនេះដែរក៏បានបញ្ចប់ក្តីសង្ឃឹមរបស់ Novak Djokovic ដែលចង់ឈ្នះ Grand Slam គ្រប់កម្មវិធីទាំងអស់ក្នុងមួយឆ្នាំតាំងពីឆ្នាំ១៩៦៩ ដែលធ្វើបានដោយ Rod Laver បន្ទាប់ពីឈ្នះជើងឯក Australian Open, French Open និង Wimbledon។ Novak Djokovic ក៏ខកខានក្នុងការដណ្តើមជើងឯក Grand Slam លើកទី២១ របស់ខ្លួនផងដែរដើម្បីវ៉ាផុត Roger Federer និង Rafael Nadal។ រំលឹកថា Daniil Medvedev ធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រពីរលើកកាលពីមុន តែសុទ្ធតែបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រដែលរួមមានចាញ់ Rafael Nadal វគ្គផ្តាច់ព្រ័ត្រ US Open ឆ្នាំ២០១៩ និងចាញ់ Novak Djokovic ឆ្នាំ២០២១ នេះនៅ Australian Open៕
អត្ថបទ៖នាង សុភាវុធ