ការព្រួយបារម្ភកាន់តែខ្លាំងបានរាលដាលក្នុងចំណោមអ្នកស្រុកនៅតំបន់សង្រ្គាមហ្កាហ្សា ជាពិសេសស្រ្តីជាម្ដាយ នៅក្នុងក្រុង ដឺ អាល់បាឡា (Deir Al-Balah) កាលពីថ្ងៃសៅរ៍ (១៧ សីហា) បន្ទាប់ពីការបញ្ជាក់នៃករណីជំងឺស្វិតដៃជើងជាលើកដំបូងនៅក្នុងតំបន់ហ៊ុមព័ទ្ធ ដែលប្រឈមនឹងកង្វះខាតឱសថ និងការផ្គត់ផ្គង់ធ្ងន់ធ្ងររួចទៅហើយនេះ។

ស្រ្តីជាម្ដាយម្នាក់នៅតំបន់ហ្កាហ្សា បាននិយាយថា «យើងចង់ឱ្យមានការជួយសង្គ្រោះមុនពេលគ្រប់យ៉ាងត្រូវយឺតពេល។ យើងមិនចង់រង់ចាំរហូតដល់មើលឃើញកូនៗស្លាប់ និងពិការទាំងអស់សង្ឃឹមនោះទេ ខណៈអ្នកផ្សេងទៀតជាច្រើនក៏កំពុងប្រឈមមុខនឹងការលំបាកស្រដៀងគ្នានេះ»។

មន្ទីរពេទ្យនៅតំបន់ហ្កាហ្សា ពោរពេញដោយកុមារឈឺ ដែលភាគច្រើនកើតជំងឺកាន់តែធ្ងន់ធ្ងរឡើងដោយសារកង្វះផលិតផលអនាម័យជាមូលដ្ឋាន។ មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានប្រកាសកាលពីថ្ងៃសៅរ៍ (១៧ សីហា) ថាករណីជំងឺស្វិតដៃជើងដំបូងគេនៅតំបន់ហ្កាហ្សា ត្រូវបានរកឃើញលើទារកអាយុ ១០ខែម្នាក់នៅក្រុង Deir Al-Balah ដែលមិនទាន់បានទទួលថ្នាំបង្ការចាំបាច់។

អាជ្ញាធរអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (១៩ សីហា) បានឱ្យដឹងថា វ៉ាក់សាំងជិត ៣លានដូសត្រូវបានបញ្ជូនទៅតំបន់ហ្កាហ្សាស្ទ្រីប រួចហើយចាប់តាំងពីការចាប់ផ្តើមនៃជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ក្នុងខែតុលា ឆ្នាំ២០២៣ មក៕