ទូរទស្សន៍រដ្ឋប្រទេសអាល់ហ្សេរី បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាល់ហ្សេរី លោក អាប់ដែលម៉ាដជីដ តេបប៊ូន(Abdelmadjid Tebboune) បានបញ្ជាឱ្យដឹកជញ្ជូនប្រេងឥន្ធនៈបន្ទាន់ទៅកាន់ប្រទេសលីបង់ ដែលកំពុងប្រឈមការខ្វះថាមពលយ៉ាងខ្លាំង។ យោងតាមការរាយការណ៍បានឲ្យដឹងថា សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីទំនាក់ទំនង រវាងនាយករដ្ឋមន្ត្រីប្រទេសអាល់ហ្សេរី លោក Nadir Larbaoui និងនាយករដ្ឋមន្ត្រី លីបង់ លោក Najib Mikati ។

របាយការណ៍និយាយថា លោក Larbaoui បានធានាដល់លោក Mikati ថា ការដឹកជញ្ជូននេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសអាល់ហ្សេរី ក្នុងការគាំទ្រប្រទេសលីបង់ ក្នុងគ្រាលំបាកទាំងនេះ ដែលផ្តល់ថាមពលដល់ស្ថានីយ៍ផលិតអគ្គិសនីរបស់ប្រទេសលីបង់ និងជួយស្តារបណ្តាញអគ្គិសនីឡើងវិញ។

កាលពីថ្ងៃអាទិត្យ ការិយាល័យរបស់លោក Mikati បានចេញសេចក្តីថ្លែងការណ៍មួយ និយាយថា នាយករដ្ឋមន្ត្រីលីបង់ បានថ្លែងអំណរគុណដល់ប្រទេសអាល់ហ្សេរី សម្រាប់ការសម្រេចចិត្តដឹកជញ្ជូនប្រេង ព្រមទាំងការបន្តគាំទ្ររបស់អាល់ហ្សេរី សម្រាប់ប្រទេសលីបង់ លើគ្រប់វិស័យ។
បណ្តាញអគ្គិសនីរបស់ប្រទេសលីបង់ បានរងការបិទទាំងស្រុង បន្ទាប់ពីរោងចក្រថាមពលដែលកំពុងដំណើរការចុងក្រោយរបស់ខ្លួនអស់ប្រេងឥន្ធនៈ ដោយបានរំខានដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងប្រទេស រួមមានទាំងអាកាសយានដ្ឋាន កំពង់ផែសមុទ្រ ម៉ាស៊ីនបូមទឹក ប្រព័ន្ធលូបង្ហូរទឹក និងពន្ធនាគារ។

វិបត្តិធ្លាក់ចុះបន្ថែមទៀតដោយវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្ងន់ធ្ងររបស់ប្រទេសលីបង់ ចាប់តាំងពីឆ្នាំ ២០១៩ មក បានធ្វើឱ្យប្រទេសនេះពុំមានលទ្ធភាពផ្តល់ហិរញ្ញវត្ថុដល់ការនាំចូលឥន្ធនៈ ព្រមទាំងការពន្យាពេលក្នុងការដឹកជញ្ជូនប្រេងឥន្ធនៈអ៊ីរ៉ាក់ ដែលបានព្រមព្រៀងគ្នាថ្មី ។
កង្វះការផ្គត់ផ្គង់ បានធ្វើឱ្យប្រជាជនលីបង់ភាគច្រើន ពឹងផ្អែកលើម៉ាស៊ីនភ្លើងផ្ទាល់ខ្លួន និងបន្ទះពន្លឺព្រះអាទិត្យ សម្រាប់អគ្គិសនីប្រើប្រាស់។