ការព្រមានពីអាកាសធាតុអាប់អួរធ្ងន់ធ្ងរ ត្រូវបានចេញដោយមជ្ឈមណ្ឌលឧតុនិយមកណ្ដាលរបស់ប្រទេសយេម៉ែន ខណៈចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់រយៈពេលជិត៣សប្ដាហ៍មកនេះបានកើនឡើងជាង១០០នាក់។

មជ្ឈមណ្ឌនេះបានព្រមានថា ផ្គររន្ទះលាយឡំជាមួយភ្លៀងធ្លាក់ខ្លាំង និងប៉ះពាល់ដល់ខេត្តមួយចំនួនដូចជាខេត្ត Al-Mahra, Hadramout, Shabwa, Abyan, Hajjah, Taiz, Ibb, Dhale, Hodeidah ទីក្រុង សាណា (Sanaa) និងតំបន់ឆ្នេរភាគខាងលិច ព្រមទាំងខ្ពង់រាបមួយចំនួនក្នុងរយៈពេល២៤ម៉ោងក្រោយ។

ប្រជាពលរដ្ឋទាំងឡាយ ត្រូវបានណែនាំមិនឲ្យចេញក្រៅ ឬធ្វើដំណើរតាមទឹក។
ក្នុងអំឡុង២៤ ម៉ោងកន្លងទៅ ទីក្រុង Hodeidahស្ថិតនៅភាគខាងលិចប្រទេសនេះ ទទួលបានភ្លៀងធ្លាក់ខ្លាំងបំផុតហើយកម្ពស់ទឹកឡើងដល់៦៦,៣ មីលីម៉ែត្រ ហើយខេត្តនិងទីក្រុងមួយចំនួនទៀតក៏មានកម្រិតទឹកភ្លៀងខ្ពស់ខ្លាំងដែរ។
ការព្រមានចុងក្រោយ កើតឡើង ខណៈក្រុមអាជ្ញាធរប្រចាំតំបន់ និងរបាយការណ៍នានា និយាយថាមនុស្ស១០នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបាត់ខ្លួនដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដ៏គំហុក ដែលបានវាយប្រហារខេត្តជាច្រើនរបស់ប្រទេសយេម៉ែនកាលពី៤ថ្ងៃចុងក្រោយ។
គ្រោះមហន្តរាយធម្មជាតិនេះបានបណ្ដាលឲ្យអ្នកស្លាប់សរុបឡើងដល់ជាង១០០នាក់ ចាប់តាំងពីចុងខែកក្កដា មក៕