ក្រសួងមុខងារសាធារណៈក្នុងរយៈពេលពេញមួយឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលបានចំនួន៧ដង ដោយជោគជ័យ។ ការប្រឡងនេះ ជាការរៀបចំតាមនីតិវិធីថ្មី ស្របតាមការកែទម្រង់រដ្ឋបាលសាធារណៈ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចេញ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសចូលរួមប្រកាសលទ្ធផលប្រឡងគ្រូបឋមសិក្សា។

ការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល គឺស្របតាមការកែទម្រង់រដ្ឋបាលសាធារណៈ ដែលរាជរដ្ឋាភិបាលនីតិកាលទី ៧បាននឹងកំពុងយកចិត្តទុកដាក់។ ការប្រឡងដែលរៀបចំឡើងដំបូង គឺនៅចុងឆ្នាំ ២០២៣ ជាការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ រីឯការប្រឡងលើកទី ៧ សម្រាប់រយៈពេលពេញមួយឆ្នាំ នៃរាជរដ្ឋាភិបាលថ្មីនេះ ជាការប្រឡងជ្រើសរើសគ្រូបឋមសិក្សា ដែលទើបប្រកាសលទ្ធផលនៅថ្ងៃទី ១៧ ខែសីហា កន្លងនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងឱ្យដឹងថា ការប្រឡងប្រកបដោយភាពសុក្រឹត្យ និងផ្ដល់សិទ្ធិស្មើគ្នា សម្រាប់គ្រប់បេក្ខជនទាំងអស់។ ការប្រឡងជាប់ឬធ្លាក់ គឺផ្អែកលើសមត្ថភាពរបស់បេក្ខជននីមួយៗ។

ការលើកឡើងពីភាព ជោគជ័យ ការលើកឡើងពីភាព សុក្រឹត្យ ពេញចិត្តចំពោះការប្រឡងនេះ មិនមែនគ្រាន់តែជាការលើកឡើងតែម្ខាងពី ក្រសួងមុខងារសាធារណៈ ដែលជាអ្នករៀបចំនោះទេ។ ជាក់ស្ដែងអាណាព្យាបាល ពិសេសបេក្ខជន ដែលបានចូលរួមការប្រឡងដោយផ្ទាល់ បានបង្ហាញការពេញចិត្ត និងគាំទ្រចំពោះនីតិវិធីប្រឡង។ ពួកគេពិតជាមើលឃើញ ភាពសុក្រឹត្យ មើលឃើញពីការស្មើភាព សម្រាប់គ្រប់បេក្ខជនប្រឡងទាំងអស់ ចេះគឺជាប់។
សូមជម្រាបថា ក្រសួងមុខងារសាធារណៈនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ នឹងមានការរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួងអភិវឌ្ឍន៍ជនបទ។ ក្រសួងមុខងារសាធារណៈ ក៏នឹងរៀបចំការប្រឡងជ្រើសរើសគ្រូមតេយ្យសិក្សានៅពេលខាងមុខផងដែរ៕ អត្ថបទ៖ គឹមហុក




