ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តាំទៅក្រុមអ្នករិះគន់ និងក្រុមប្រឆាំងមួយក្តាប់តូចគប្បីបើកខួរក្បាលជាមុនសិនមុននឹងបើកមាត់រិះគន់ការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាលនីតិកាលទី៧នៃ រដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី(២២សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ ២០២៤) ឯកឧត្តម ប៉ែន ប៉ូណា បានបញ្ជាក់ថា ក្នុងរយៈពេល១២ខែមកនេះ រាជរដ្ឋាភិបាលបានដាក់ ចេញនូវយុទ្ធសាស្រ្តជាច្រើនដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់ជាតិ តាមរយៈយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ ខណៈយុទ្ធសាស្រ្តទាំងនេះហើយគឺជាត្រីវិស័យ និងចក្ខុ វិស័យវែងឆ្ងាយរបស់សម្តេចធិបតី មិនដូចការលើកឡើងគ្មានការគិតពិចារណារបស់ក្រុមពួកអគតិទាំង នោះឡើយ។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា«ខ្ញុំសូមផ្ញើសារទៅក្រុមអ្នករិះគន់ និងប្រឆាំងនឹងការដឹកនាំរាជរដ្ឋាភិបាលថាឲ្យចេះបើកខួរក្បាលពិចារណាឲ្យបានច្បាស់លាស់មុននឹងបើកមាត់និយាយ រិះគន់ដោយគ្មានការគិត គ្មានការពិចារណា មិនបើកភ្នែក និងត្រចៀក ចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានាពេលកន្លងមកនេះ»។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលរូបនេះ ក៏បានផ្តាំទៅក្រុមប្រឆាំង និងជនអគតិ មួយក្តាប់តូចផងដែរថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងម៉ុតមាំ ក្នុងការថែរក្សា និងការពារនូវសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដែលកំពុងមានសព្វថ្ងៃនេះឲ្យខាងតែបាន គ្មានអនុញ្ញាតឲ្យជនណា ឬបុគ្គលណាដែលមាន ចេតនាបំផ្លាញនូវសេចក្តីរបស់ប្រជាពលរដ្ឋនោះឡើយ ជាពិសេសគឺការញុះញង់របស់ជនពីខាងក្រៅដែលចង់ធ្វើបដិវត្តន៍ព៌ណ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្សនោះ៕ អត្ថបទ បាន ចក់
