ក្រសួងសុខាភិបាលហ្វីលីពីន បាននិយាយនៅថ្ងៃចន្ទ (១៩ សីហា) នេះថា ខ្លួនបានរកឃើញករណីថ្មីនៃមេរោគជំងឺអុតស្វានៅក្នុងប្រទេសជាលើកដំបូងចាប់តាំងពីខែធ្នូ ឆ្នាំមុនមក ដោយបន្ថែមថាខ្លួនកំពុងរង់ចាំលទ្ធផលតេស្ត មុនពេលអាចកំណត់បានពីប្រភេទជាក់លាក់នៃវីរុស ខណៈក្ដីបារម្ភជាសាកលកើនឡើងខ្លាំងពីការឆ្លងរាលដាលនៃមេរោគនេះ។

ក្រសួងសុខាភិបាល (DOH) បាននិយាយថា អ្នកជំងឺគឺជាបុរសជនជាតិហ្វីលីពីនអាយុ ៣៣ឆ្នាំ ដែលមិនមានប្រវត្តិធ្វើដំណើរទៅខាងក្រៅប្រទេសហ្វីលីពីនឡើយ។ អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃពុធសប្ដាហ៍មុន បានប្រកាសថាជំងឺអុតស្វាជាភាពអាសន្ននៃសុខភាពសាធារណៈសកល ដែលជាទម្រង់នៃការប្រកាសអាសន្នខ្ពស់បំផុតរបស់ខ្លួន បន្ទាប់ពីមានការផ្ទុះឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានរីករាលដាលដល់ប្រទេសជិតខាង។

ទម្រង់ថ្មីនៃមេរោគបានបង្កឱ្យមានការព្រួយបារម្ភជាសកល ដោយសារតែវាហាក់ដូចជារីករាលដាលយ៉ាងងាយស្រួលតាមរយៈការប៉ះពាល់ជិតស្និទ្ធជាប្រចាំ។ ករណីថ្មីនៅហ្វីលីពីននេះជាករណីទី១០ ដែលមន្ទីរពិសោធន៍សុខាភិបាលបានរកឃើញ ហើយករណីទីមួយរបស់ខ្លួនកើតឡើងនៅខែកក្កដា ឆ្នាំ២០២២។
ករណីនៃវីរុសអុតស្វាប្រភេទថ្មីត្រូវបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុននៅប្រទេសស៊ុយអែត ហើយបានផ្សារភ្ជាប់ទៅនឹងការផ្ទុះឡើងកាន់តែខ្លាំងឡើងនៅក្នុងទ្វីបអាហ្រ្វិក ដែលជាសញ្ញាដំបូងនៃការរីករាលដាលនៅខាងក្រៅទ្វីប។ ប៉ាគីស្ថាន កាលពីថ្ងៃសុក្រ ក៏បានបញ្ជាក់ថា យ៉ាងហោចណាស់មានករណីមួយនៃជំងឺអុតស្វាបានកើតឡើងលើអ្នកជំងឺដែលបានត្រឡប់មកពីប្រទេសឈូងសមុទ្រ ប៉ុន្តែបាននិយាយថាពួកគេមិនទាន់ដឹងពីប្រភេទនៃវីរុសនេះនៅឡើយទេ៕